សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញពិនិត្យវឌ្ឍនភាពការងារ មុននឹងឈានដល់ថ្ងៃប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជានៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារនៅទីតាំងត្រៀមប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តី សុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលព្រះរាជពិធីនេះនឹងមានការយាងជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នាឱកាសនោះដែរ មានឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ លោកអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញាធរដែនដី មន្រ្តីសំខាន់ៗរបស់ក្រសួង ព្រះបរមរាជវាំង ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការក្នុងស្ថាប័នមន្ទីរពាក់ព័ន្ធជាច្រើនរូប។
សម្តេចមហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានអញ្ជើញពិនិត្យយ៉ាងម៉ត់ចត់នៅទីតាំងក្តារបែនខាងមុខប្រាសាទអង្គរវត្ត ដែលជាទីតាំងសម្រាប់រៀបចំពិធីក្រុងពាលី និងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិនិត្យមើលនូវរាល់កិច្ចការងារសំខាន់ៗទាំងឡាយ ដែលក្រសួងស្ថាប័នពាក់ព័ន្ធតាមផ្នែកនីមួយៗ បានអនុវត្តយ៉ាងជោគជ័យនាពេលកន្លងមក ក្នុងការត្រៀមលក្ខណៈចូលរួមរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឲ្យបានប្រព្រឹត្តទៅដោយប្រកបដោយភាពឧត្តុងឧត្តមថ្លៃថ្លាបំផុត៕