ព្រឹត្តិការណ៍បើកដំណើរការកម្មវិធី “សោតទស្សន៍ប្រទេសចិន-ចូលទៅកាន់ប្រទេសកម្ពុជា” ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុនYunnan Media Group of China និងក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី បានសហការរៀបចំប្រារព្ធពិធីបើកព្រឹត្តិការណ៍កម្មវិធី “សោតទស្សន៍ប្រទេសចិន-ចូលទៅកាន់ប្រទេសកម្ពុជា”។

ពិធីបើកព្រឹត្តិការណ៍នាឱកាសនេះ មានការចូលរួមពីតំណាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិកម្ពុជា តំណាងវិស័យភាពយន្តនិងវប្បធម៌ និងតំណាងឧស្សាហកម្មវិទ្យុនិងទូរទស្សន៍នៃខេត្តយូណាន ប្រទេសចិន។

រដ្ឋបាលវិទ្យុនិងទូរទស្សន៍ជាតិចិន និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ក្នុងព្រឹត្តិការណ៍ ដើម្បីលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរក្នុងវិស័យសោតទស្សន៍ វិទ្យុនិងទូរទស្សន៍ជាមួយប្រទេសជិតខាង។

លោក ម៉ៅ ម៉ូលីន ប្រធាននាយកដ្ឋានប្រតិបត្តិការអន្តរជាតិនៃទូរទស្សន៍ជាតិកម្ពុជា បានលើកឡើងថា ទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុនYunnan Media Group of China បានសហការគ្នាកសាងកម្មវិធី “សាលមហាស្រពចិន” និងរៀបចំបណ្តាញ CDTV-TVK ព្រមទាំងរួមគ្នាជំរុញកម្មវិធី “សោតទស្សន៍ មេគង្គ APP” ជាភាសាខ្មែរឱ្យដំណើរការ និងថតភាពយន្តឯកសារ “សម្រស់កម្ពុជា” ជាដើម។

សមិទ្ធផលទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងភាគីទាំងពីរក្នុងវិស័យបច្ចេកវិទ្យា ខ្លឹមសារ និងវេទិកាប៉ុណ្ណោះទេ ក៏បានកសាងស្ពានដ៏រឹងមាំសម្រាប់ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនផងដែរ។ សកម្មភាពនេះនឹងបន្តជំរុញការឆ្លើយតបរវាងគំនិត និងអារម្មណ៍រវាងប្រជាជនទាំងពីរប្រទេស។

ពិធីបើកព្រឹត្តិការណ៍កម្មវិធី “សោតទស្សន៍ប្រទេសចិន-ចូលទៅកាន់ប្រទេសកម្ពុជា” ក៏បើកបង្ហាញពិធីសម្ពោធការចាក់ផ្សាយលើកដំបូងនៃភាពយន្តឯកសារ “សម្រស់កម្ពុជា” ជាភាសាខ្មែរ ដោយត្រូវបានផលិតរួមគ្នាដោយក្រុមហ៊ុនYunnan Media Group of China និងទូរទស្សន៍ជាតិកម្ពុជា ដែលបង្ហាញពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងវប្បធម៌របស់ប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញអំពី សោតទស្សន៍ មេគង្គ App ជាភាសាខ្មែរ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Yunnan Media Group of China និងបានកសាងរួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានដំណើរការកម្មវិធីនេះនឹងកសាងទំនាក់ទំនងថ្មីសម្រាប់ការផ្លាស់ប្តូរ និងសិក្សាពីគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា-ចិន។

ក្រុមហ៊ុន Yunnan Media Group of China បាននាំមកនូវកម្មវិធីល្អៗជាច្រើនពីប្រទេសចិន ដូចជាគំនូរជីវចល “ភ្នំមិនចាំបាច់ខ្ពស់” កម្មវិធីទូរទស្សន៍ “THE SWIMSUIT SAGA” “GOLDENTRIO” និង “WE ARE CRIMINALPOLICE” ជាដើម។ នាពេលអនាគត ក្រុមហ៊ុនYunnan Media Group of China និងទូរទស្សន៍ជាតិកម្ពុជានឹងរួមគ្នាបកប្រែ និងផ្សាយកម្មវិធីទាំងនេះ ដើម្បីបន្តបម្រើការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា-ចិន ពង្រឹងអត្តសញ្ញាណវប្បធម៌ និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ក្រុមហ៊ុនYunnan Media Group of Chinaបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនជាមួយទូរទស្សន៍ជាតិកម្ពុជា Cambodian Giant Ibis Media Group និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗផ្សេងទៀត សម្រាប់ការពង្រឹងការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនបន្ថែមទៀត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសោតទស្សន៍រវាងប្រទេសទាំងពីរ។ ការរៀបចំដោយជោគជ័យនៃសកម្មភាព “សោតទស្សន៍ប្រទេសចិន-ចូលទៅកាន់ប្រទេសកម្ពុជា” នឹងបង្កើតឱកាសថ្មីៗ បង្កើតចំណុចចាប់ផ្តើមថ្មី និងបញ្ចូលថាមពលថ្មីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការសោតទស្សន៍ វិទ្យុនិងទូរទស្សន៍កម្ពុជា-ចិន ការបង្រួបបង្រួមការយល់ដឹងរួម និងការអភិវឌ្ឍរួមគ្នា៕