ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសម្ដែងការគួរសម ជាមួយនាយករដ្ឋមន្ដ្រីវៀតណាម និងប្ដេជ្ញារួមគ្នាបន្ដពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត

(ហាណូយ-វៀតណាម)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ផាម មីនជីង នាយករដ្ឋមន្ដ្រីវៀតណាម ក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ស្តីពីការអភិវឌ្ឍបៃតង P4G លើកទី៤ នៅប្រទេសវៀតណាម នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ផាម មីនជីង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខក្នុងឱកាសឆ្នាំថ្មី ពីអគ្គលេខាធិការបក្ស ឯកឧត្តម To Lam និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀត។
ឯកឧត្តមនាយករដ្ឋមន្ដ្រី បានគូសរំលេចអំពីទំនាក់ទំនងដ៏ល្អជាប្រពៃណីនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទស្ថានភាពសកល ដែលកំពុងមានភាពមិនប្រាកដប្រជាដូច្នេះ កិច្ចសហការទ្វេរភាគីរបស់ប្រទេសទាំងពីរ គឺពិតជាមានសារៈសំខាន់បំផុត។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ដ្រីវៀតណាម ក៏បានបង្ហាញជំហរបន្តជួយកម្ពុជា លើគ្រប់វិស័យជាពិសេសលើការងារបណ្តុះបណ្តាល។
ក្នុងនាមសម្តេចមហាបវរធិបតី ហុន ម៉ាណែត, ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងអំណរគុណរដ្ឋាភិបាលវៀតណាម ដែលបានអញ្ជើញភាគីកម្ពុជាចូលរួមវេទិកា P4G នេះ ក៏ដូចជា នាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនចំពោះឯកឧត្តម ផាម មីងជីង និងថ្នាក់ដឹកនាំវៀតណាមផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ វៀតណាមគឺជាមិត្តដ៏ល្អមិនអាចខ្វះបាន ដែលតែងតែជួយជ្រោមជ្រែងដល់កិច្ចអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តម បានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ឆ្លើយតបជោគជ័យទៅនឹងបញ្ហានានា ដែលរក្សាបានសុខសន្តិភាពជូនពលរដ្ឋ និងព្រមទាំងរក្សាបានកំណើនសេដ្ឋកិច្ចជាង៦%។
ជារួមក្នុងជំនួបនោះ ភាគីទាំងពីរកម្ពុជា-វៀតណាម បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៃប្រជាជាតិទាំងពីរ៕