ឯកឧត្តម នាក់ សំបូរ ៖ ការបង្កើនធនធានបញ្ញាវ័នតាមរយៈវិស័យពុទ្ធិចក្រ កំពុងត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹង

ឯកឧត្តម នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នាពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ របស់សមណនិសិ្សត-និស្សិត ប្រមាណ ២១ អង្គ/នាក់ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។

នៅក្នុងពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអគ្គាធិការរង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ , ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវ បណ្ឌិតសាស្រ្តចារ្យ និងសមណនិសិ្សត-និស្សិត។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សង្ឃដីកាថា លទ្ធភាពដ៏ល្ពប្រសើរណាស់សម្រាប់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលមានសមណនិស្សិត-និស្សិត បានបញ្ចប់ការសិក្សាដោយជោគជ័យជាបនុ្តបន្ទាប់ ហើយបានយកចំណេះដឹងដែលទទួលបាន ទៅអភិវឌ្ឍន៍ និងចែករំលែកជាបន្តទៅកាន់សិស្ស និស្សិត និងអាចយកទៅចូលរួមចំណែកជួយសង្គមជាតិជាដើម។

នៅក្នុងឱកាសនេះ ឯកឧត្តម នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ប្រទេសជាតិមួយដែលមានការអភិវឌ្ឍលើគ្រប់វិស័យទៅបានដោយសារមានការកសាងធនធានមនុស្សជាមូលដ្ឋាន ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ដូច្នេះ ព្រះពុទ្ធសាសនាក្តី ទំនៀមទម្លាប់បុរាណក្តី ចាំបាច់ទាមទារឱ្យមានអ្នកចេះដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ និងត្រូវមានចំណេះដឹកច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទើបការអភិរក្ស និង អភិវឌ្ឍន៏ មានការរីកចម្រើនដើរទន្ទឹមគ្នា។

ឯកឧត្តម នាក់ សំបូរ រដ្ឋលេខាធិការ សូមថ្វាយបង្គំប្រគេនពរ និងជូនពរ សមណនិសិ្សត-និស្សិត ដែលត្រូវការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នាពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ នាឱកាសនេះ ត្រូវធ្វើយ៉ាងណាបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ លើប្រធានបទនិក្ខេបបទដែលខ្លួនសិក្សាស្រាវជ្រាវនិងសរសេរ និងទទួលបានជោគជ័យ ដែលនិងក្លាយជាបញ្ញាវ័នដ៏មានគុណភាពនាពេលអនាគត។

សូមជម្រាបជូនថា ការការពារនិក្ខេបបទនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺធ្វើឡើងដោយមានការ លក្ខខណ្ឌត្រឹមត្រូវ ទាំងពីចាប់ផ្តើម រហូតដល់បញ្ចប់ លើឯកទេសសំខាន់ៗរួម៖ ទស្សនវិជ្ជា, អក្សរសាស្រ្តខ្មែរ, គ្រប់គ្រងអប់រំ, បាលី, នីតិសាស្រ្ត និងរដ្ឋបាលសាធារណៈ ៕