ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា ÷ នាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នឹងអញ្ជើញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣-២៤ មេសា ឆ្នាំ២០២៥

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា មានប្រសាសន៍លើកឡើងថា នាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នឹងអញ្ជើញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣-២៤ មេសា ឆ្នាំ២០២៥ ។ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា បានជម្រាបជូនអំពីខ្លឹមសារនៃលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការចាំបាច់ដែលត្រូវរៀបចំឲ្យបានល្អ ព្រមទាំងបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាក្នុងអង្គប្រជុំដើម្បីឈានទៅដល់ការឯកភាព សម្រេចកំណត់បែងចែកភារកិច្ចជូនដល់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់អនុវត្ត។ ឯកឧត្តមមានប្រសាសន៍បន្តថា ការបរិច្ឆេទនៃដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ ហើយគណៈប្រតិភូដែលដឹកនាំដោយលោកជំទាវនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត និងជួបប្រជុំទ្វេភាគី ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , គណៈប្រតិភូក៏នឹងចូលជួបសំដែងការគួរសមជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា , គណៈប្រតិភូក៏នឹងចូលជួបសំដែងការគួរសមជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា , គណៈប្រតិភូ ដាក់ដឹកនាំដោយលោកជំទាវនាយករដ្ឋមន្ត្រីថៃ ក៏នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងបន្ទាប់ពីលោកជំទាវ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីដែលជាស្ត្រីវ័យក្មេងនៃនៃព្រះរាជាណាចក្រថៃ ហើយដំណើរទស្សនកិច្ចនាពេលនេះក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនងល្អប្រពៃណីដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគីសម្រាប់ប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។