ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបិទ និងចែកវិញ្ញាបនបត្រនៃសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» នៅសាលាភូមិន្ទរដ្ឋបាល

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រនៃសិក្ខាសាលាវគ្គបណ្តុះបណ្តាល ស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧»។ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូ
មិន្ទរដ្ឋបាល ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជា ណាចក្រកម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា តំណាងធនាគារពិភពលោក ព្រមទាំងសហការី សាស្ត្រាចារ្យ គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានធ្វើរបាយការណ៍ស្ដីពី ការរៀបចំវគ្គបណ្តុះបណ្តាល ដោយឯកឧត្តមបានលើកឡើងថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមជាន់ខ្ពស់បានចំនួន៦ ជំនាន់មកហើយ ដែលសិក្ខាកាមចូលរួមគឺជាមន្ត្រីជាន់ខ្ពស់ មកពីក្រសួង ស្ថាប័នថ្នាក់ជាតិ មានមុខតំណែង ចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការឬមុខតំណែងប្រហាក់ប្រហែល និងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ មានមុខតំណែងចាប់ពីអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី-ខេត្ត រហូតដល់ អភិបាលរាជធានី-ខេត្ត។ វគ្គបណ្តុះបណ្ដាល ជំនាន់ទី៧ មានចំនួន ១៦២នាក់ ស្រី២៤នាក់ ជាមន្ត្រីជាន់ខ្ពស់មកពីក្រសួង ស្ថាប័នថ្នាក់ជាតិចំនួន៣១ មានមុខតំណែង ដូចជំនាន់មុនៗដែរ។ ក្នុងនោះសិក្ខាកាមជាន់ខ្ពស់ ដែលជាប់ជាស្ថាពរមានចំនួន ១៦០នាក់ ស្រី ២៤នាក់ ស្មើនឹង ៩៨,៧៦%។
នៅក្នុងឱកាសនេះ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បានបង្ហាញពីចំណាប់អារម្មណ៍ ដោយឯកឧត្តមបានបង្ហាញភាពរីករាយ ដែលបានឃើញដៃគូសហការ អាចមានភាពជាម្ចាស់ និងបន្តអនុវត្តកម្មវិធីនេះដោយខ្លួនឯងបាន ដោយកន្លងមកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក និងដោយមានការគាំទ្រពីសហភាពអឺរុប និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលទាំង៧ ជំនាន់មានសិក្ខាកាមជាន់ខ្ពស់ ដែលបានចូលរៀនសរុបចំនួន ១,១៩៩នាក់ ស្រី ១៩៦នាក់ ក្នុងនោះសិក្ខាកាមជាន់ខ្ពស់ ដែលបានជាប់ជាស្ថាពរមានចំនួន ១,១៧៨នាក់ ស្រី ១៩៥នាក់ ស្មើនឹង ៩៨,២៥%។ សូមជម្រាបដែរ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានអនុញ្ញាតជូនលោកស្រី សុគន្ធ ចរិយា តំណាងសិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី៧ ឡើងធ្វើចំណាប់អារម្មណ៍ចំពោះវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧»ផងដែរ