ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បើកការធ្វើជំរឿនមន្ត្រីរាជការស៉ីវិល នៃក្រសួងព័ត៌មាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងទិន្នន័យ ស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកការចុះធ្វើជំរឿនមន្ត្រីរាជការស៉ីវិល នៃក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់។ ពិធីនេះមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកទាំង៥ អគ្គនាយករង ទទួលបន្ទុកកិច្ចការងារធនធានមនុស្ស ប្រធាននាយកដ្ឋាន និងប្រធានមន្ទីររាជធានីខេត្តទាំង២៥។
នៅឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងថា ការធ្វើជំរឿនមន្ត្រីរាជការនៃក្រសួងព័ត៌មាននេះ គឺឱ្យបានសម្រេចជោគជ័យ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការចុះធ្វើជំរឿននេះ ដើម្បីអាចពង្រាយមន្ត្រីបំពេញការងារឱ្យត្រូវនាញច្បាស់លាស់ និងអាចធ្វើការវាយតម្លៃបានពីគុណភាពធនធានមនុស្សនៅក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព លើការងារសមរភូមិសតិអារម្មណ៍។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងសម័យឌីជីថល គឺជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន និងទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ ហើយតាមរយៈការធ្វើជំរឿនមន្ត្រីនេះ គឺពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពដល់មន្រ្តីរាជការផ្នែកកិច្ចការព័ត៌មាន សរសេរព័ត៌មាន មានគុណភាព ប្រសិទ្ធភាព រហ័ស ផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ និងការងារគ្រប់គ្រងព័ត៌មានជាដើម។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីអនុវត្តន៍តាមគោលការណ៍សំខាន់ៗដែលប្រមុខរាជ រដ្ឋាភិបាលបានដាក់ចុះកន្លងមកនេះ ក្រសួងព័ត័មាន បានធ្វើការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ពន្ធ័អនុវត្តន៍ដោយក្រសួង ស្ថាប័នសាមុី ដោយផ្អែកលើគោលការណ៍ទូទៅដើម្បីធានាបាននូវការ សម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។ ឯកឧត្តម បានជម្រាបជូនពីចំនួនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មាន សរុបចំនួន ២ ៧៦៩រូប ក្នុងនោះស្រ្តី ១ ០០២រូប ហើយអ្វីដែលក្រសួងព័ត៌មានត្រូវធ្វើនៅក្នុងអាណត្តិទី៧នេះ គឺការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តី និងការលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងព័ត៌មាន បានដាក់ចុះនូវការដ្ឋានជាច្រើនក្នុងការបន្តកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ននិងរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធភាពស្ថាប័ននិងគុណភាពការងារ ការអភិវឌ្ឍមូលដ្ឋានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកិច្ចគាំពារមន្ត្រីដោយប្រកាន់គោលការណ៍គុណាធិបតេយ្យ និងមានសមត្ថភាពត្រូវផ្ដល់ការលើកទឹកចិត្ត។
លោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការរៀបចំចុះធ្វើជំរឿនមន្ត្រីរាជការសុីវិលនៃក្រសួងព័ត៌មាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺធ្វើឡើងស្របតាមវិធានការគន្លឹះដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យឡើងវិញនូវការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងស្របតាមការចង្អុលបង្ហាញរបស់រដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់ គឺតម្រូវឱ្យពិនិត្យឡើងវិញលើកម្រិតសិក្សា ជំនាញវិជ្ជាជីវៈធៀបនឹងការងារដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីពង្រឹងសមត្ថភាព និងរៀបចំពង្រាយមន្ត្រីរាជការឱ្យទៅបម្រើការងារឱ្យចំគោលដៅ និងចំណេះជំនាញរបស់ខ្លួន ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើប្រក្រតីភាពនៃការស្នើដំឡើងឋានន្តរស័ក្តិ និងថ្នាក់មេដាយ និងគ្រឿងឥស្សរិយយស ជាដើម ដើម្បីធានាឱ្យបានថាមន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្ត និងការទទួលស្គាល់លើស្នាដៃ និងផលិតភាពការងារព័ត៌មាន។
ជារំលឹកដែរថា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរំលេចនូការងារអាទិភាពចំនួន៣ រួមមាន៖ ១. ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, ២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព, ៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព ៕