សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា …!!

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥នេះ។

បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យរួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបាន ទទួលព្រះរាជសារ និងព្រះរាជទ្រព្យ ចំនួន 50,000 USD (ហាសិបពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ជា ព្រះរាជូបត្ថម្ភដ៏ឧត្ដុង្គឧត្តមជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួប៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”។

«ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វ ព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា។ ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហា ប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជា ណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោន តរៀងទៅ៕»