ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨”

នាព្រឹកថ្ងៃ ពុធ ទី ២៣ ខែ មេសា ឆ្នាំ ២០២៥ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, លេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ”យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥ – ២០២៨” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈ- កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រី, និង ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូត និងសមាគម សរុបប្រមាណ ៣០០ នាក់ ដើម្បីស្វែងយល់ និង ត្រៀមខ្លួនចូលរួមអនុវត្តយុទ្ធសាស្រ្តនេះ ប្រកបដោយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់។
រាជរដ្ឋាភិបាលបាន និង កំពុងពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈសម្រាប់ធុរកិច្ចតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីជំរុញការកសាងបរិយាកាសធ្វើធុរកិច្ច និង វិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពអំណោយផល។ ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨ នេះជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួង ស្ថាប័ន ក្នុងការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឲ្យបានពេញលេញ និង មានអន្តរប្រតិបត្តិការជាមួយគ្នា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ធុរជន សំដៅជួយបង្កើនបរិយាកាសនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា។
កម្មវិធីនេះចាប់ផ្តើមដោយសុន្ទរកថារាយការណ៍របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខា-ធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដែលរៀបរាប់ពីដំណើរការនៃការរៀបចំ, ក្របខ័ណ្ឌរួមនៃយុទ្ធសាស្ត្រនិង តួនាទីរបស់ក្រសួង ស្ថាប័នក្នុងការអនុវត្តយុទ្ធសាស្ត្រនេះឱ្យបានជោគជ័យតាមការរំពឹងទុក។
បន្ទាប់មកទៀត, ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ ដោយបានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់អនុវត្តយុទ្ធសាស្ត្រខាងលើនេះ និង បានរៀបរាប់ពីសមិទ្ធផលឌីជីថលនានាក្រោមឆ័ត្រនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបម្រើជាឧបករណ៍បច្ចេកទេសបំពេញបន្ថែមជូនដល់ក្រសួង ស្ថាប័ន ក្នុងការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និង មានសុវត្ថិភាពខ្ពស់។
ជាកិច្ចបន្ទាប់, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈបានថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ ដោយបានបញ្ជាក់ដែរថា ក្នុងក្របខ័ណ្ឌ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ការដាក់ចេញនូវ “យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨” គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អរដ្ឋបាលសាធារណៈនៅកម្ពុជាឱ្យកាន់តែទំនើប ខ្លាំង ឆ្លាត និង ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនសាធារណជន វិនិយោគិន និង អ្នកធ្វើធុរកិច្ចគ្រប់រូប តាមរយៈការធ្វើទំនើបកម្មពីការផ្តល់សេវាបែបប្រពៃណី ទៅជាការផ្តល់សេវាបែបអេឡិចត្រូនិក។
ចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដែលបានបំពេញការងារកន្លងមក រហូតដល់មានការរៀបចំជាយុទ្ធសាស្រ្តដែលបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលតាំងពីនីតិកាលទី ៦ ដល់នីតិកាលទី ៧ ដែលបាន និង កំពុងបន្តអនុវត្តជាប្រចាំឥតដាច់ ក្នុងការគាំពារវិស័យឯកជនដែលជាកំលាំងចលករនៃសេដ្ឋកិច្ចជាតិ ដោយក្នុងនោះការរៀបចំកែសម្រួល និង ធ្វើទំនើបកម្មនៃការផ្តល់សេវាតាមមធ្យោបាយអេឡិចត្រូនិក ជាការឆ្លើយតបយ៉ាងបន្ទាន់ពីតម្រូវការជាក់ស្តែងរបស់ វិស័យឯកជន។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយស្មារតីបុរេសកម្ម និង សកម្ម ក្រោមការដឹកនាំសម្របសម្រួល របស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មា-ធិការកែទម្រង់រដ្ឋបាលសាធារណៈ និង ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច សំដៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរួច, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានធ្វើបទបង្ហាញពីខ្លឹមសារនៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨ ដើម្បីផ្សព្វផ្សាយ បង្ហាញពីផែនការសកម្មភាព និង អំពាវនាវឱ្យដៃគូពាក់ព័ន្ធចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។
ជារួម, ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ”យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨” បានប្រព្រឹត្តទៅដោយរលូន និង ប្រកបដោយផ្លែផ្កា ដោយទទួលបានការសាទរ និងការគាំទ្រពីក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូត និង សមាគមធុរកិច្ច ។