សិប្បកម្ម ផលិតអាល់កុលធម្មជាតិ ដាវីស៊ីអេច ផ្ដល់អំណោយដល់ពលរដ្ឋក្រីក្រជាង 100 គ្រួសារនៅសង្កាត់ព្រៃឯង

តំណាងសិប្បកម្ម ដាវីស៊ីអេចអ៉ិមផត អិចផត បានចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួនជាង 100 គ្រួសារដែលរស់នៅក្នុងភូមិបោះអង្កាញ់ និងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះតំណាងសិប្បកម្មក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងភូមិដែលមិនទាន់មានការងារធ្វើអាចដាក់ពាក្យចូលធ្វើការនៅសិប្បកម្ម ដាវីស៊ីអេចបាន ដែលជាការរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការជួយលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារ ដែលមានតម្រូវការការងារនៅក្នុងស្រុក ដោយពុំចាំបាច់ធ្វើការចំណាកស្រុក ហើយសិប្បកម្ម ដាវីស៊ីអេចនេះ គឺកែច្នៃកាកសំណល់ដែលគេបោះចោលផលិតចេញទៅជាអាល់កុលធម្មជាតិ និងចំណីសត្វដែលបានរួមចំណែកជួយកាត់បន្ថយបរិមាណសំណល់ដែលត្រូវទុកដាក់នៅលើទីលាន ក៏ដូចជាជួយកាត់បន្ថយកាបំពុលបរិស្ថានផងដែរ។ ទន្ទឹមនោះយើងក៏បានផ្គត់ផ្គង់អាល់កុលដែលផលិតបានផ្ដល់ជូនទៅដល់មន្ទីរពេទ្យកុមារជាតិក្នុងមួយឆ្នាំៗដោយមិនគិតប្រាក់ផងដែរ។
លោកបានបន្តទៀតថា ដោយសារតែសិប្បកម្ម ដាវីស៊ីអេចនេះទើបនឹងចាប់ផ្ដើមដំណើរការអាចនឹងមានផលប៉ះពាល់ខ្លះៗ ដូច្នេះសុំចិត្តប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់ និងសូមប្រាប់មកខាងសិប្បកម្ម យើងនឹងខិតខំកែតម្រូវឲ្យបានល្អប្រសើរ។ សូមបញ្ជាក់ថា អំណោយដែលសិប្បកម្ម ផ្ដល់ជូនប្រជាពលរដ្ឋនាពេលនេះរួមមាន អង្ក២០គីឡូក្រាម មី១កេស ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ និងថវិការមួយចំនួនផងដែរ។