រាជបណ្ឌិត្យសភាកម្ពុជាបង្ហាញថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាមូលហេតុចម្បងជំរុញឱ្យមានការសេពគ្រឿងស្រវឹងច្រើន

នៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយនឹងអង្គការចលនាដើម្បីសុខភាពកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង»។
ក្នុងរបាយការណ៍ស្រាវជ្រាវនោះបានឱ្យដឹង ប្រជាពលរដ្ឋ លើសពី៩០% យល់ថា ការផ្សាយពាណិជ្ជកម្មជំរុញឱ្យមានការសេពគ្រឿងស្រវឹង បង្កើនចំនួនអ្នកសេពគ្រឿងស្រវឹង ឱ្យចង់សាកសេពគ្រឿងស្រវឹង និងធ្វើឱ្យមានអ្នកចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យកាន់តែក្មេង។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់បែបនេះ តាមរយៈការផ្ដល់រង្វាន់ច្រើនលើសលប់ទៅដល់អតិថិជនដូចជា រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងរង្វាន់ជាច្រើនទៀត។ លើសពីនេះ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបានផ្សារភ្ជាប់ជាមួយតារាល្បីៗដែលមានអ្នកគ្រាំទ្ររាប់ពាន់នាក់ មកផ្សាយគ្រឿងស្រវឹង ដែលយុទ្ធសាស្រ្តទាំងនេះ សុទ្ធតែជំរុញអ្នកគាំទ្ររបស់ពួកគេ ដែលភាគច្រើនជាកុមារ និងក្មេងវ័យជំទង ឱ្យនាំគ្នាធ្វើត្រាប់តាមភ្លក់ទឹកភ្លក់ដី និងចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងនៅវ័យក្មេង ។ ការស្រាវជ្រាវបានបញ្ជាក់ថា ប្រជាជនទូទៅ សុទ្ធតែធ្លាប់ទទួលរងនូវបញ្ហាសុខភាព ខាតបង់ថវិកា គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ការងារ ឬធ្វើការងារមិនពេញលេញ បោះបង់ការសិក្សាឬការសិក្សាចុះខ្សោយ មានទំនាស់ក្នុងគ្រួសារ ការរំខានស្រែកឡូឡាពីអ្នកសេពគ្រឿងស្រវឹង មានអារម្មណ៍ភ័យខ្លាចឬគ្មានសុវត្ថិភាព អំពើហិង្សាលើរាងកាយនិងការសម្លុតគម្រាម ជាដើម។
ឯកឧត្តម ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិក ក.គ.ផ.ស. នៃក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងហៅកាត់ថា ក.គ.ផ.សបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការ ផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក.គ.ជ.ស. ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធាន ក.គ.ផ.ស. មានក្រសួង ស្ថាប័នចំនួន១២ចូលរួម ដោយលទ្ធផលនៃការអនុវត្តច្បាប់ វិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ ក.គ.ផ.ស. ក្នុងការ គ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ទទួលបានលទ្ធផលជាវិជ្ជមាន។
ការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាល មិនឈានដល់បិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងនោះទេ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ឱ្យជ្រុល ហួសហេតុដែលធ្វើឱ្យការធ្វើទីផ្សារឧស្សាហកម្មគ្រឿងស្រវឹងបាត់បង់ការទទួលខុសត្រូវ និងថ្លឹងថ្លែងអំពីការ ធានានិរន្តរភាពនៃដំណើរការលូតលាស់នៃសេដ្ឋកិច្ច និរន្តរភាពទីផ្សារការងាររបស់ប្រជាជនកម្ពុជា និងជួយ ប្រព័ន្ធផ្សព្វផ្សាយដែលជាមធ្យោបាយក្នុងការផ្ដល់ព័ត៌មាន ការអប់រំ កម្មវិធីកម្សាន្ត និងផ្សព្វផ្សាយគោល នយោបាយរបស់រាជរដ្ឋាភិបាលអាចដំណើរការទៅមុខ រួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
យោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា ស្ដីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានបង្ហាញថា ប្រជាជនកម្ពុជា ទាំងអ្នកសេព និងអ្នកមិនសេពគ្រឿងស្រវឹង ទទួលស្គាល់នូវឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មកលើការសម្រេចចិត្តរបស់ពួកគាត់។ កន្លងមក បើទោះបីរាជរដ្ឋាភិបាលបានបានដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក៏ដោយ យើងសង្កេតឃើញថា វិធានការមួយចំនួនដូចជាមិនទាន់ចាក់ចំគន្លឹះ ដែលអាចការពារ ឬកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ជាក់ស្តែង ភាគរយនៃអ្នកសេពគ្រឿងស្រវឹងជោគជាំ បានកើនពី១២%នៅឆ្នាំ២០១៦ ដល់៥២%នៅឆ្នាំ២០២៣ក្នុងចំណោមបុរស និងកើនឡើង៣ដងក្នុងចំណោមស្រ្តី នេះបើយោងតាមរបាយការណ៍ការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង ២០២៣៕