លោក Donald Trump ព្យាយាមបន្ទន់ឥរិយាបថជាមួយចិនដោយ ប្រកាសបញ្ចុះកម្តៅសង្រ្គាមពាណិជ្ជកម្ម ទោះបីជាក្រុងប៉េកាំង បដិសេធនិងច្រានចោលក្តី

លោកប្រធានាធិបតី Donald Trump កំពុងទទូចថារដ្ឋបាលរបស់លោកកំពុងបើកកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន ជុំវិញការងារនានាធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មចុះ កម្តៅមកត្រជាក់វិញ ដោយលោកព្យាយាមប្រឹងប្រែងលើការងារទាំងនោះ យ៉ាងខ្លាំង បើទោះបីជាទីក្រុងប៉េកាំងបានច្រានចោលនូវការយល់ឃើញ ដែលថាការសន្ទនាបែបនេះកំពុងដំណើរការក៏ដោយ។
អំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីន័រវេសស្តីអំពីប្រទេសចិន និង នៅពេលមានសំណួរថា៖ ចិនពិតជាបានបដិសេធមិនមានការសន្ទនា ណាមួយដែលកំពុងដំណើរការជាមួយសហរដ្ឋអាមេរិកនោះទេ ស្រាប់តែលោក Trump បាននិយាយថា “គឺពួកគេនឹងមានកិច្ចប្រជុំ នៅព្រឹកថ្ងៃសុក្រនេះ ម៉ោងនៅអាម៉េរិក” ដោយលោកបានបន្ថែមថា “វាមិនមានបញ្ហាអ្វីនោះទេ ទោះជាពួកគេជានរណាដែលនឹង មកពិភាក្សាក្តី” ។ ប៉ុន្តែប្រទេសចិនកាលពីយប់ថ្ងៃព្រហស្បតិ៍បានបដិសេធ និងច្រានចោល ដោយបញ្ជាក់ថាតើមានការលើកឡើងណាមួយដែលថា ខ្លួនកំពុងស្ថិតក្នុងការចរចាយ៉ាងសកម្មជាមួយរដ្ឋបាលរបស់លោក Trump លើបញ្ហាពន្ធគយនោះ ដោយចិនបាននិយាយថាគំនិតណាមួយ នៃវឌ្ឍនភាពក្នុងបញ្ហានេះគឺគ្មានមូលដ្ឋានច្បាស់លាស់ទេ វាប្រៀបដូចជាការងារព្យាយាមចាប់ខ្យល់ដូច្នោះដែរ” ។ លោក Trump កំពុងស្វែងរកមធ្យោបាយបញ្ចុះពន្ធពី ១៤៥% របស់លោក លើមុខទំនិញចិនជាច្រើនចំពេលមានការកើនឡើងនៃវិស័យអាជីវកម្ម និងការព្រួយបារម្ភរបស់អតិថិជនដែលថាពន្ធនាំចូលនឹងជំរុញឲ្យមានស្ថានភាពអតិផរណា និងអាចបញ្ជូនសេដ្ឋកិច្ចរបស់ពួកគេចូល ទៅក្នុងវិបត្តិសេដ្ឋកិច្ចសកលដែរ។ បញ្ហានៅត្រង់ថាប្រទេសចិន គឺមិនខ្លាចអាម៉េរិកនោះទេ ពួកគេបានវាយបកតម្លើងពន្ធមកវិញជាមួយ ក្នុងកម្រិត១២៥% លើផលិតផលរបស់សហរដ្ឋអាមេរិកនាំចូលដែរ។ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយ ក្នុងសន្និសីទប្រចាំថ្ងៃថា អ្វីដែលលោកបានដឹងគឺ “ប្រទេសចិននិងសហរដ្ឋអាមេរិកគឺមិនមានការពិគ្រោះយោបល់ ឬមានការចរចាគ្នាលើពន្ធគយដូចការលើកឡើងរបស់លោក Trump នោះទេ ចិនគឺនៅតែមិនទាន់យល់ព្រមលើសេចក្តីសម្រេច នៃកិច្ចព្រមព្រៀងណាមួយឡើយដែរ។ ចំណែកអ្នកនាំពាក្យក្រសួង ពាណិជ្ជកម្មចិន លោក He Yadong បាននិយាយថា “រាល់ការអះអាងអំពីវឌ្ឍនភាពនៃការចរចាពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក គឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ វាដូចជាការព្យាយាមចាប់ខ្យល់ និងគ្មានមូលដ្ឋានជាក់ស្តែងនោះទេ ខណៈដែលចិនកំពុងពិភាក្សាជាមួយសហភាពអឺរ៉ុប៕
សម្រួលអត្ថបទ៖ សុផារិន្ទ