លោកជំទាវ ទុយ សិរីរតនៈ នាំយកថវិកា និងអង្ករវីតាមីន ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរទិវា៨ ឧសភា ២០២៥

ឈានឆ្ពោះទៅចូលរួម អបអរសាទរខួប១៦២ ទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនោះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដឹកនាំដោយ ទុយ សិរីរតនៈ បាននាំយកថវិកា និងអង្ករវីតាមីន ចំនួន៣០០កេស ទៅប្រគល់លោកជំទាវ ពុំចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជាវិភាគទាន ជួយទ្រទ្រង់សកម្មភាពមនុស្សធម៌សមាគមជាតិកាកបាទក្តហមកម្ពុជា។

ក្នុងជំនួបមុនពិធីប្រគល់ទទួលអំណោយសប្បុរសធម៌ខាងលើនេះ លោកជំទាវ ពុំ ចន្ទីនី ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះលោកជំទាវ ទុយ សិរីរតនៈ និងលោកជំទាវ លោកស្រី ជាសមាជិក នៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍក្រសួងព័ត៌មានទាំងអស់ ដែលបាននាំយកអំណោយមនុស្សធម៌ ជាអង្ករសុខភាព និងថវិការ ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបទី៧០ នៃកំណើតកាកបាទក្រហមកម្ពុជា ដែលសមានចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយ កាកបាទក្រហមកម្ពុជា ហើយសកម្មភាពដ៍ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិកាកបាទក្រហមកម្ពុជា។

លោកជំទាវ អគ្គលេខាធិការ មានប្រសាសន៍ថា អង្ករវីតាមីនដែល កាកបាទក្រហមកម្ពុជា ទទួលបានពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្នុងពេលកន្លងមក កាកបាទក្រហមកម្ពុជា តែងតែនាំយក ទៅចែកជូនដល់ប្រជាពលរដ្ឋ ក្នុងកម្មវិធីសុខភាព នៅតាមសហគម ជាពិសេសចែកជូនស្ត្រីមានផ្ទៃពោះ ដើម្បីរួមចំណែកថែបំប៉នសុខភាព របស់បងប្អូន។  តាមរយៈលោកជំទាវ ទុយ សិរីរតនៈ លោកជំទាវ អគ្គលេខាធិការ បានផ្តាំផ្ញើការថ្លែងអំណរគុណផងដែរ ជូនចំពោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ជាពិសេសទូរទស្សន៍ជាតិកម្ពុជា ចូលរួមចំណែកក្នុង ផ្សព្វផ្សាយព័ត៌មាន ពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជាពិសេសការផ្សព្វផ្សាយ នាមសប្បុរសជន ដែលបានបរិច្ចាគថវិកា និងសម្ភារៈនានា ក្នុងឱកាសអបអរសាទរ ខួប១៦២ ទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ កំណើតកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២នេះ។

សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នាំយកអង្ករវីតាមីន ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងនោះនៅឆ្នាំ២០១៦ ចំនួន២០០កេស ឆ្នាំ២០២៣ ចំនួន២០០កេស, ឆ្នាំ២០២៤ ៤០០កេស និងឆ្នាំ២០២៥នេះ ចំនួន៣០០កេស។

ក្នុងឱកាសនេះ ក្រៅពីប្រគល់ជូនអង្គវីតាមីន លោកជំទាវ ទុយ សិរីរតនៈ ក៍បាននាំយកថវិកាសប្បុរសធម៌ របស់ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវផ្ទាល់ ចំនួន១០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ២០២៥ នេះដែរ។ ក្នុងឱកាសនេះដែរ លោកជំទាវ លោកស្រី ជាសមាជិកាសមាគម ក៍បានចូលរួមថវិកាសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជាផងដែរ ក្នុងនោះ លោកជំទាវ សន ម៉ារ៉ាជា និងឯកឧត្តម ប៉ាវ ហមផាន ថវិកា១ពាន់ដុល្លា, លោកជំទាវ សេង វណ្ណារី និងឯកឧត្តម ហួត ឃាងវេង ថវិកា១ពាន់ដុល្លា, លោកជំទាវ ម៉ែន សៀង និងឧកញ៉ា សុខ ចំរើន ថវិកា២០០ដុល្លា .ឧកញ៉ា ទី គឹមស៊ាន ថវិកា២០០ដុល្លា, លោកជំទាវ ជា ស៊ុនដាណែត ថវិកា១០០ដុល្លា, លោកជំទាវ ខៀវ គឹមហ៊ុន និងឯកឧត្តម ទន់ សារ៉ាត់ ថវិកា១០០ដុល្លា, លោកជំទាវ ទេស ផល្លីន ថវិកា១០០ដុល្លា,  ឧកញ៉ា សៀត មុំសុភា ថវិកា១០០ដុល្លា, លោកជំទាវ ធន សយនារីរត្ថន៍ ថវិកា១០០ដុល្លា, លោកជំទាវ សុខ សុវណ្ណារី ថវិកា១០០ដុល្លា, ឯកឧត្តម ម៉ៅ វិបុល និងលោកជំទាវ អ៊ុម សុភាព ថវិកា៤០ម៉ឺនរៀល, លោកជំទាវ សរ គឹមលី ២០ម៉ឺនរៀល និងលោកជំទាវ ទេស ផល្លីន ថវិកា ១០ម៉ឺនរៀល។