ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ កម្ពុជាគ្មានជំងឺគ្រុនចាញ់ចាប់ពីពេលនេះ «យើងត្រូវ  ប្តេជ្ញាចិត្តរួមគ្នា លុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥នេះ»

ស្ទឹងត្រែង៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានប្រសាសន៍  បន្ថែមថា ការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ ក្នុងគោលបំណងស្នូលបំផុតគឺ ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការជំរុញកិច្ចខិតខំប្រឹងប្រែងឡើងវិញ នៅគ្រប់កម្រិតចាប់ពីកម្រិតគោលនយោបាយរហូតដល់សកម្មភាពអនុវត្តរបស់សហគមន៍ ការបង្កើន ការវិនិយោគ យុទ្ធនាការសុខភាព ឬសារតស៊ូមតិ ផ្សព្វផ្សាយទូលំទូលាយ នូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដោះស្រាយបញ្ហាប្រឈមទាន់ពេល និងមានប្រសិទ្ធភាពប្រសើរជាងមុន។ យើងត្រូវរួបរួមគ្នា ដើម្បីលប់បំបាត់ជំងឺគ្រុនចាញ់ នៅដំណាច់ឆ្នាំ២០២៥នេះ និងត្រូវតែបញ្ចប់ជំងឺគ្រុនចាញ់ក្នុងសកលលោក នាឆ្នាំ២០៣០។

ក្នុងឱកាសអបអរសាទរទិវានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដោយត្រូវបេ្តជ្ញាចិត្តរួបរួមគ្នាទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥នេះ ៖

១. យើងត្រូវធ្វើការអប់រំ និងពន្យាល់ពីការពារ និងព្យាបាលជំងឺគ្រុនចាញ់ ដល់ប្រជាពលរដ្ឋគោលដៅ
២. អ្នកនឹងអាចជាដាច់ គ្រាន់តែលេបថ្នាំព្យាបាលជំងឺគ្រុនចាញ់ ត្រឹមរយៈពេល ៧ ថ្ងៃ
៣. ភូមិខ្ញុំ សហគមន៍ ក្រុមគ្រួសារខ្ញុំ ត្រូវលប់បំបាត់លែងមានជំងឺគ្រុនចាញ់ ដោយត្រូវធ្វើជាបុគ្គល ឬប្រជាពលរដ្ឋគំរូ ក្នុងការការពារខ្លួនពីជំងឺគ្រុនចាញ់
៤. ដើម្បីការពារជំងឺគ្រុនចាញ់ សូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរចូលព្រៃ៖
–  មុននឹងចូលព្រៃ ត្រូវទៅទទួលថ្នាំបង្ការជំងឺគ្រុនចាញ់ ពីអ្នកស្ម័គ្រចិត្តភូមិដោយឥតគិតថ្លៃ ដោយពិសាថ្នាំមុន ៣ថ្ងៃមុននឹងចូលព្រៃ
–  ត្រូវគេងក្នុងមុងជ្រលក់ថ្នាំ
–  ត្រូវភ្ជាប់ជាមួយថ្នាំលាបលើស្បែកការពារមូស
–  ពេលចេញពីព្រៃភ្លាម ត្រូវទៅធ្វើតេស្តឈាម នៅផ្ទះអ្នកស្ម័គ្រភូមិ និងមណ្ឌលសុខភាព ដើម្បីស្វែងរកជំងឺគ្រុនចាញ់ (ដោយឥតគិតថ្លៃ)
៥. ប្រសិនបើប្រជាពលរដ្ឋមានអាការៈមិនស្រួលខ្លួន ត្រូវទៅធ្វើតេស្តឈាមជាបន្ទាន់ ដើម្បីស្វែងរកជំងឺគ្រុនចាញ់  ត្រូវអនុវត្តពាក្យស្លោក ពេលខ្ញុំក្តៅខ្លួន ត្រូវធ្វើតេស្តឈាម
៦. អាជ្ញាធរមូលដ្ឋានត្រូវមានកាតព្វកិច្ចផ្តល់ព័ត៌មានដល់អ្នកចូលព្រៃ និងត្រូវណែនាំឱ្យប្រជាពលរដ្ឋទទួល និងលេបបង្ការជំងឺគ្រុនចាញ់មុនចូលព្រៃ
៧. អាជ្ញាធរមូលដ្ឋាន អ្នកចល័ត និងអ្នកចំណូលថ្មី ត្រូវទៅពិនិត្យ និងសូមធ្វើតេស្តជូនគាត់តែម្តង
៩. យើងត្រូវចូលរួមក្នុងការព្យាបាល ដែលមានរយៈពេល ៧ថ្ងៃនៃការលេបថ្នាំ។
១០. មុនចូលព្រៃ ត្រូវទៅទទួលសេវាបង្ការជំងឺគ្រុនចាញ់ និងដោយកុំនាំជំងឺគ្រុនចាញ់ ចូលក្នុងស្រុកភូមិ គ្រួសារយើង និងសហគមន៍យើង។

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានប្រសាសន៍នៅខាងលើបែបនេះ ក្នុងគ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កាលពីថ្ងៃ២៥ មេសា ២០២៥ ក្រោមប្រធានបទ៖ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» “ Malaria Ends With Us: Reinvest, Reimagine, Reignite”។

ទិវានេះប្រព្រឹត្តឡើងនៅបរិវេណវិទ្យាល័យតេជោ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោកស្រី Dr. Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Eda Kraja តំណាងអង្គការ UNOPS (Country Manager Cambodia and Lao PDR) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា មន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន និងក្មួយៗ សិស្សានុសិស្ស។

ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការសុខភាពពិភពលោក គម្រោងមូលនិធិសកល ដៃគូវិនិយោគ ដៃគូជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត និង ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវ និងកំពុងសហការជួយឧបត្ថម្ភគាំទ្រដល់ការងារលុបបំបាត់ជំងឺគ្រុនចាញ់។

សូមគូសរំលេចដែរថា ក្នុងពិធីនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអាននូវសារលិខិតទាំងស្រុង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៃព្រះរាជាណាចក្រកម្ពុជា៕