មកដឹងពីបច្ចុប្បន្នភាពនៃតួរលេខមនុស្សស្លាប់ និង ទំហំខូចខាតនៅ មីយ៉ាន់ម៉ាដោយសារគ្រោះរញ្ជួយដីរយៈពេល១ខែមកនេះ (២៨មិនា-២៨មេសាឆ្នាំ២០២៥)

មួយខែបន្ទាប់ពីគ្រោះរញ្ជួយដីដ៏កាចសាហាវក្នុងប្រទេសមីយ៉ាន់ម៉ា តម្រូវការមនុស្សធម៌នៅតែបន្តដើម្បីជំរុញដល់អ្នកនៅរស់រានមានជីវិតរាប់សែននាក់ត្រូវតែរស់នៅបន្តទៀតដែរ បើទោះបីជារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាត្រូវបានគេរាយការណ៍ថាកំពុងបន្តវាយប្រហារតាមដែនអាកាសជាមួយនឹងក្រុមឧទ្ទាមក្តី និងបើទោះបីជាបទឈប់បាញ់នៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសនេះបានចូលជាធរមានក្តី។ ជំនួយមនុស្សធម៌នៅតែបន្តដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះដល់ជនរងគ្រោះដដែល។ ក្រោយគ្រោះរញ្ជួយដីកម្រិត៧.៧ រ៉ិចទ័រ កាលពីថ្ងៃទី២៨ខែមីនា បានវាយប្រហារតំបន់ដ៏ធំក្នុងប្រទេសនេះ បានបណ្តាលឱ្យមានរូបភាពបំផ្លិចបំផ្លាញយ៉ាងខ្លាំង មិនថាជាតំបន់តូចតាចតំបន់ និងវាយប្រហារក្រុងចំនួន៦ រួមទាំងរដ្ឋធានី Naypyitaw ដ៏សំខាន់ផងដែរ។ គ្រោះធម្មជាតិដ៏អាក្រក់នេះ បានបន្សល់ទុកនូវតំបន់ជាច្រើនគ្មានបណ្តាញអគ្គិសនី គ្មានប្រព័ន្ធទូរស័ព្ទ ឬគ្មានផ្លូវថ្នល់ និងស្ពានបាក់ខូចខាតជាដំណំ បន្ថែមពីលើអគាររាប់ម៉ឺនខ្នងដួលត្រេតពាសពេញក្រុងធំៗ។ នៅថ្ងៃច័ន្ទនេះ ការងារបោសសម្អាតកំពុងបន្តជុំវិញរដ្ឋធានី Naypyitaw ជាមួយនឹងម៉ាស៊ីនជីកកកាយធំៗ ដែលអាចរុះរើសំណល់នានានៅភាគកណ្តាលនៃតំបន់ Pyinmana ក៏ដូចជាលំនៅដ្ឋានដែលខូចខាតមួយចំនួនធំដែរ។ ទំហំនៃការបំផ្លិចបំផ្លាញដែលកើតឡើងដោយគ្រោះរញ្ជួយដីដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍មុននៅក្នុងកាសែតរដ្ឋ Myanma Alinn រួមមានផ្ទះជិត ៦៤.០០០ខ្នង សាលារៀនជិត៧០០០ វត្តនិងប្រាសាទបុរាណជាង៥០០០ ស្ពាន១៧២ និងទំនប់៥៨៦កន្លែង នេះបើយោងតាមសម្តីរបស់លោកឧត្តមសេនីយ៍ទោ Soe Win ដែលជាអនុប្រធានក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា។ ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ថាចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកាលពី១ខែមុន បានកើនឡើងដល់ ៣៧៦៩នាក់ បន្សលមនុស្សរបួសចំនួន៥១០៦ និង១០៧នាក់នៅតែបាត់ខ្លួននៅឡើយដែរ។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងសភាពចលាចលចាប់តាំងពីការកាន់កាប់ឆ្នាំ ២០២១ របស់កងកម្លាំងយោធាដែលបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ដែលនាំឱ្យមានសកម្មភាពតវ៉ាដោយសន្តិវិធីទូទាំងប្រទេសដែលកើនឡើងដល់ការតស៊ូប្រដាប់អាវុធដែរ។ ភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ផ្សេងទៀតបានសង្កត់ធ្ងន់ថាស្ថានភាពរស់នៅបែបនេះនៅកាន់តែធ្ងន់ធ្ងរៗទៅសម្រាប់អ្នករស់រានមានជីវិត ក្រោយពីគ្រោះរញ្ជួយដី រួមផ្សំនឹងសង្រ្គាមផ្ទៃក្នុងស្រាប់ដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ