សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល បម្រើឧត្តមប្រយោជន៍ ដល់ប្រជាពលរដ្ឋ ហើយនឹងនាំកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមនិងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដោយឈ្លាសវៃ ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានក្រសួងមុខងារសាធារណៈជាសេនាធិការនោះ កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងសម្រេចបានជោគជ័យ នាំមកនូវឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ សម្តេចបានមានប្រសាសន៍បន្តថា សមិទ្ធផលក្នុងរយៈពេល ២០ ខែកន្លងមកនេះ គេបានមើលឃើញថា ការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការដាក់ចេញ និងការអនុវត្តកម្មវិធីគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងសក្ត័សិទ្ធិភាព បានត្រួសត្រាយនិងជាមាគ៌ាឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ សិក្ខាសាលានេះបានរៀបចំឡើងដោយ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនៃរដ្ឋសភា សហការជាមួយ ក្រសួងមុខងារសាធារណៈ ដែលមានអ្នកចូលរួម មកពីភាគីពាក់ព័ន្ធទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ មានអ្នកចួលរួមប្រមាណជាង៣០០នាក់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់នេះ ជាបេសកកម្មបន្តជំនាន់ ដែលចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានអនុវត្តរៀងរហូតមក។ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តដ៏មោះមុតនិងមិនងាករេ ដោយបញ្ជាក់យ៉ាងច្បាស់ថា «កែទម្រង់ គឺយើងរស់ បើមិនកែទម្រង់ គឺយើងស្លាប់»។ ការប្ដេជ្ញាចិត្តដ៏ម៉ឹងម៉ាត់នេះធ្វើឱ្យ វិស័យមុខងារសាធារណៈនៅកម្ពុជាត្រូវបានអភិវឌ្ឍ និងពង្រឹងជាបន្តបន្ទាប់ ជាមួយនឹងការបោះជំហានទៅមុខប្រកបដោយភាពប្រាកដនិយម និងវិជ្ជមានតាមរយៈយុទ្ធសាស្ត្រត្រីកោណ និងចតុកោណទាំងបួនដំណាក់ កាលកន្លងមក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន តែងលើកទឹកចិត្តដល់អ្នកបន្តវេនគ្រប់ជំនាន់ឱ្យប្រកាន់ខ្ជាប់នូវ ទស្សនាទាននៃការធ្វើកំណែទម្រង់ជាប់ជាប្រចាំ ដោយមិនត្រូវភ័យខ្លាច ឬចុះញ៉មជាដាច់ខាត។ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចសមិទ្ធផលធំធេងនៅក្នុងរយៈពេល២០ខែមកនេះ សបញ្ជាក់ពីការប្ដេជ្ញាចិត្តមោះមុត របស់ រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់សាធារណៈឱ្យមានប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ។ កំណែទម្រង់ដែលជោគជ័យផ្អែកលើកត្តាសំខាន់ ៤ រួមមាន  ចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តខ្ពស់ ការចូលរួមដោយស្មោះត្រង់ និង ការលះបង់។ គោលការណ៍ទាំងបួននេះ មានភាពប្រទាក់ក្រឡាគ្នា និងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ដំណើរឆ្ពោះទៅមុខរួមគ្នា ដោយធានានូវសុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នានៃភាពប្រទាក់ក្រឡា រវាងក្រសួង ស្ថាប័ន ដែលទាមទារឱ្យមានភាពច្បាស់លាស់ផ្នែកគតិយុត្ត ការឯកភាព ទាំងគុណតម្លៃ និងទស្សនៈរួម ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ ប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងគួរឱ្យទុកចិត្តបាន និងមានសារៈសំខាន់សម្រាប់ ការជំរុញអភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងការអភិវឌ្ឍស្ថាប័ន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។        សម្តេចមានប្រសាសន៍បន្តថា ជាការពិតណាស់ ខណៈពេលដែលយើងទាំងអស់គ្នាពេញចិត្តនឹងវឌ្ឍនភាព និង សមិទ្ធផលនានា ដែលយើងសម្រេចបានក្នុងវិស័យសាធារណៈ យើងចាំបាច់ ត្រូវបន្តកែលម្អ និងធ្វើទំនើបកម្មសេវាសាធារណៈ សំដៅធ្វើយ៉ាងណាបំពេញតម្រូវការ និងការរំពឹងទុករបស់ប្រជាជន ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ក្នុងន័យនេះ យើងអាចបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការ ងារ នៅក្នុងបណ្តាក្រសួង-ស្ថាប័ននីមួយៗថែមទៀត តាមរយៈការប្រមូល និងវិភាគទិន្នន័យ ប្រកបដោយវិជ្ជាជីវៈ ដោយធានាឱ្យបានថា ការដាក់ចេញនូវគោលនយោបាយ របស់យើង គឺផ្អែកលើទិន្នន័យ និងការវិភាគដែលមានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។សម្តេចបានសង្កត់ធ្ងន់ថា “យើងចាំបាច់ត្រូវតែតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត គោលនយោ បាយ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃគោលនយោបាយ និង ដោះស្រាយនូវឧបសគ្គ និងបញ្ហាប្រឈមនានា។ ទន្ទឹមគ្នានេះ កត្តាសំខាន់មួយទៀត ដែលមិនអាចមើលរំលងបាន គឺការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងបណ្តាក្រសួង-ស្ថាប័ននានា។ កិច្ចការនេះដើរតួនាទីយ៉ាង សំខាន់ក្នុងការជំរុញប្រសិទ្ធភាព និងពង្រីកសមត្ថភាព នៃកិច្ចការកំណែទម្រង់ និងនវានុវត្តន៍ ក្នុងវិស័យសាធារណៈ។ ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការទី៤ នៃរដ្ឋសភា និងក្រសួងមុខងារសាធារណៈ ដែលបានផ្ដួចផ្ដើមសហការរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារ:សំខាន់នេះឡើង។ សម្តេចមានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្ម និងការបេ្តជ្ញាចិត្តរបស់ លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ នឹងអាចរកឃើញនូវធាតុចូលសំខាន់ៗ ក្នុងការពង្រឹងវិស័យសាធារណៈរបស់យើងឱ្យកាន់តែមានភាពរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត៕

មានប្រសាសន៍ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “សិក្ខាសាលានាថ្ងៃនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រសួងមុខងារសាធារណៈ ធ្វើការផ្សព្វផ្សាយ និងជំរុញបន្ថែមទៀតនូវការអនុវត្តការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលក្រសួងមុខងារសាធារណៈ បាន និងកំពុងសម្របសម្រួល និងគាំទ្រដើម្បីសម្រេច បានតាមការតម្រង់ទិសរបស់ប្រមុខរាជរដ្ឋាភិបាល។ ការវិភាគមុខងារនេះ គឺប្រៀបបានទៅនឹងដំណើរការនៃការពិនិត្យសុខភាព ដើម្បីពិនិត្យមើលកម្លាំង ថាមពល និងភាពធន់នៃរដ្ឋបាលសាធារណៈ ក្នុងការឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសអភិវឌ្ឍន៍។ ការវិភាគមុខ ងារនេះ គឺជាឱកាសក្នុងការរៀបចំ និងកែលម្អរដ្ឋបាលសាធារ ណៈកម្ពុជា ឱ្យកាន់តែមានភាពធន់ និងច្បាស់លាស់បន្ថែម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។”

ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានមានប្រសាសន៍ថា ការពិនិត្យ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាជំហានសំខាន់ក្នុងការកែលម្អ ប្រសិទ្ធភាពអង្គភាពសាធារណៈ បង្កើនគុណភាពសេវា និងការគ្រប់គ្រងល្អ។ ដំណើរការនេះ ជួយឱ្យរកឃើញនូវសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយ ស្របតាមវិធានការគន្លឹះ ដើម្បីគាំទ្រកំណែទម្រង់រដ្ឋបាលសាធារណៈ និងសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១៕