ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ÷ គ្រាន់តែក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ កូនផ្សោតកើតបាន៦ក្បាល ហើយផលនេសាទក៏មានការកើនឡើងគួរឱ្យកត់សម្គាល់

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មមានប្រសាសន៍ថា គ្រាន់តែក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ កូនផ្សោតកើតបាន៦ក្បាល ហើយផលនេសាទក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុង ពិធីប្រារព្ធទិវាភពផែនដី ក្រោមប្រធានបទ “ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោកស្រី Rebekah Bell តំណាង FAO ប្រចាំកម្ពុជា នៅសណ្ឋាគារ សូហ្វីតែលភូគីត្រាភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។ កម្មវិធីនេះដោយមានការសហការរៀបចំឡើង ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ,រដ្ឋបាលជនផលនៃក្រសួងកសិកម្ម ,អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ ( FAO ) , សហភាពអឺរ៉ុបប្រចាំកម្ពុជា ( EU ) ។
ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា ទិវាភពផែនដី នេះជាព្រឹត្តការណ៍ប្រចាំឆ្នាំដែលបានប្រារព្ធឡើងនៅថ្ងៃទី២២ ខែមេសា បានចាប់ផ្តើមនៅឆ្នាំ ១៩៧០ នៅសហរដ្ឋអាមេរិក។ ការប្រារព្ធទិវាភពផែនដីនាថ្ងៃនេះ មិនមែនគ្រាន់តែជានិមិត្តរូបនោះទេ ប៉ុន្តែជា ការឆ្លុះបញ្ចាំងទៅនឹងអ្វីៗគ្រប់យ៉ាង ដែលធម្មជាតិផ្តល់ឱ្យយើងទាំងអស់គ្នា និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការទទួលខុសត្រូវការពារភពផែនដី ដែលជាផ្ទះរួមរបស់យើងឱ្យមានផាសុកភាពនិងមាននិរន្តរភាព ធានា បាននូវការទ្រទ្រង់ជីវិតមនុស្សជាតិនិងជីវៈចម្រុះ នាពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត។
ក្នុងឱកាសនៃការប្រារព្ធទិវាភពផែនដីនេះ ក៏មានការផ្ដល់នូវពានរង្វាន់កិត្តិយសចំពោះអង្គភាពចំនួន ៥ ដែលអនុវត្តការងារបានល្អប្រសើរក្នុងការចូលរួមចំណែកយ៉ាងសកម្មដែលធ្វើឲ្យប្រសើរឡើងនៅធនធានជលផលទឹកសាបក្នុងរយៈពេល ៥ ឆ្នាំមកនេះ។
បន្ទាប់ពីបញ្ចប់កម្មវិធីបើកជាផ្លូវការនៃទិវាភពផែនដី ក្រោមប្រធានបទ “ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព” ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានផ្ដល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានថា ÷ ជាង២០ ឆ្នាំមកហើយ ដែលសហភាពអឺរ៉ុប តែងតែផ្តល់ការគាំទ្រដល់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយដែលមាន អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិហៅកាត់ថា FAO ជាដៃគូជំនាញអនុវត្តជាក់ស្តែង ។ កិច្ចការគ្នាទាំងអស់នេះគឺដើម្បីកសាងនិរន្តរភាពវិស័យជលផលទឹកសាបនៅព្រះរាជាណាចក្រកម្ពុជា ហើយជាចុងក្រោយឯកឧត្តមក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមថែរក្សានូវនិរន្តរភាពវិស័យជលផលទឹកសាបនៅកម្ពុជា ព្រោះថាទាំងនេះគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា។