តំណាងអង្គការ FAO ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីថាមពលនៃសកម្មភាពរួម៖ “ការនេសាទជលផលមានសារៈសំខាន់មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោក” 

លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីថាមពលនៃសកម្មភាពរួម៖ “ការនេសាទជលផលមានសារៈសំខាន់មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោក”។  លោកស្រី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាភពផែនដី ក្រោមប្រធានបទ “ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរដ្ឋាប្រមាញ់និងនេសាទ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅសណ្ឋាគារ សូហ្វីតែលភូគីត្រាភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។ កម្មវិធីនេះដោយមានការសហការរៀបចំឡើង ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ,រដ្ឋបាលជនផលនៃក្រសួងកសិកម្ម ,អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ ( FAO ) , សហភាពអឺរ៉ុបប្រចាំកម្ពុជា ( EU ) ។ 

លោកស្រី បញ្ជាក់ថា គោលបំណងនៃវេទិកានិងទស្សនកិច្ចនៅតំបន់គោលដៅ គឺបង្ហាញនូវសមិទ្ធផលដែលបានអនុវត្តដោយរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផល ដោយមានការគាំទ្រផ្នែកបច្ចេកទេសរបស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិនិងក្រោមមូលនិធិនៃសា ភាពអឺរ៉ុប ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព។ 

កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (CAPFISH-Capture) ដែលអនុវត្តដោយរដ្ឋបាលជលផល គាំទ្របច្ចេកទេសដោយអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ និងគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប ព្រមទាំងមានការផ្ដល់នូវពានរង្វាន់កិត្តិយសចំពោះអង្គភាពចំនួន ៥ ដែលអនុវត្តការងារបានល្អប្រសើរក្នុងការចូលរួមចំណែកយ៉ាងសកម្មដែលធ្វើឲ្យប្រសើរឡើងនៅធនធានជលផលទឹកសាបក្នុងរយៈពេល ៥ ឆ្នាំមកនេះ។ 

សូមជម្រាបថា សហភាពអឺរ៉ុប តែងតែផ្តល់ការគាំទ្រដល់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយដែលមាន អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិហៅកាត់ថា FAO ជាដៃគូជំនាញអនុវត្តជាក់ស្តែង ហើយកិច្ចការទាំងអស់នេះគឺដើម្បីកសាងនិរន្តរភាពវិស័យជលផលទឹកសាបនៅព្រះរាជាណាចក្រកម្ពុជា។