ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងការកោតសរសើរចំពោះធនាគារ វីង ( Wing Bank ) ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុដ៏សម្បូរបែប

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក សោម ធីសែន នាយកគ្រប់គ្រងផ្នែកសេវាធានាគាររបស់ធនាគារឯកទេសវីង ខេមបូឌា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតំលៃខ្ពស់ចំពោះធនាគារ វីង ជាធនាគារឯកជន ដែលបានចូលរួមក្នុងការលើកកម្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្តល់នូវកម្ចី និងប្រតិបត្តិការផ្សេងៗដល់ប្រជាជន ។
លោក សោម ធីសែន បានជម្រាបជូនពីគោលបំណងក្នុងការធ្វើកិច្ចសហការរបស់ធនាគារវីង ជាមួយក្រសួងព័ត៌មាន លើកិច្ចការងារមួយចំនួន ហើយក៏បានជម្រាបជូនពីភាពរីកចំរើនរបស់ធនាគារ វីង ដោយក្នុងនោះ Wing Bank គឺត្រឹមតែរយៈពេល ២១ ខែ បង្កើតបាន ២១ សាខា ទូទាំងប្រទេស ហើយនៅរាជធានីភ្នំពេញ មានចំនួន ១០ សាខា ។
ក្នុងយុគសម័យឌីជីថល ដែលសេវាធនាគារ ពោរពេញដោយទំនើបកម្ម និងមានទំនុកចិត្តខ្ពស់ធនាគារ វីង ប្តេជ្ញាចិត្តបន្តផ្តល់ជូននូវបទពិសោធន៍សេវាធនាគារដ៏ល្អ និងភាពងាយស្រួលដល់ប្រជាជនកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុដ៏សម្បូរបែប។
គូររំលឹកដែរថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការកណ្ដាលធនាគារវីង ខេមបូឌា គឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា
« ធនាគារប្រៀបបានដូចជាបេះដូង សម្រាប់គាំទ្រដល់ដំណើរការសេដ្ឋកិច្ច»។ ដូច្នេះ ភាពរីកចម្រើនរបស់ធនាគារវីង ក៏ជាផ្នែកមួយគាំទ្រដល់ដំណើរការសុខភាពសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងធ្វើអោយដំណើរសេដ្ឋកិច្ចកម្ពុជាកាន់ការរីកលូតលាស់ឈានខ្ពស់ឡើង ៕