ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈយោគយល់ជាផ្លូវការលើកិច្ចសហប្រតិបត្តិការផលិត និងផ្សព្វផ្សាយព័ត៌មាន រួមទាំងព្រឹត្តិការណ៍នានានៅលើបណ្តាញផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ដើម្បីអោយប្រជាជនបានដឹងពីភាពសម្បូរណ៍បែបនៃវិស័យទេសចរណ៍នៅកម្ពុជា,

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ដែលមានសារៈសំខាន់ ហើយជាវប្បធម៍នៃកិច្ចសហការក្នុងក្របខណ្ឌនៃក្រសួង ស្ថាប័នរួម ក្រោមអភិក្រមរបស់រាជរដ្ឋាភិបាលគឺប្រពន្ធ័ “ ជវភាពនៃប្រព័ន្ធតូអង្គតែមួយ “ មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបំរើអោយគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា,

ពិធីចុះហត្ថលេខាបានប្រព្រឹត្តឡើងក្រោមអធិបតីរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំរបស់ក្រសួងទាំងពីរ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតូនាទីក្នុងការសហការជាមួយក្រសួង ស្ថាប័នផ្សេងៗ ចំណុះអោយរាជរដ្ឋាភិបាល លើកិច្ចការងារផ្សព្វផ្សាយព័ត៌មាន ផលិតព័ត៌មាន និងកម្មវិធីមួយចំនួនរបស់ក្រសួងទេសចរណ៍ ។ កិច្ចសហការដ៏មានសារៈសំខាន់នេះធ្វើឡើងព្រោះវិស័យទេសចរណ៍ ជាវិស័យមួយចូលរួមក្នុងកំណើនសេដ្ឋកិច្ចរបស់ជាតិ ដូច្នេះទាមទារអោយមានការផ្សព្វផ្សាយបានទូលំទូលាយ ពីសក្តានុពលទេសចរណ៍ ក៏ដូចជាទិសដៅទេសចរណ៍ និងផ្នែកផ្សេងៗទៀតនៅក្នុងវិស័យទេសចរណ៍ ។ ឯកឧត្ត រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ទោះបីកន្លងមកមិនទាន់មានការចុះអនុស្សរណៈនេះក្តី តែក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិទាំងអស់ បានធ្វើសកម្មភាពក្នុងការចូលរួមផ្សព្វផ្សាយទាក់ទងវិស័យទេសចរណ៍ មានភាពសកម្ម ដើម្បីអោយប្រជាពលរដ្ឋបានដឹងពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជា មានអ្វីខ្លះ ហើយអ្វីខ្លះដែលអាចទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេស ចូលមកកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន នានា បានធ្វើកិច្ចការងារយ៉ាងច្រើន ហើយ សម្រេចបានលទ្ធផលជាបន្តបន្ទាប់ តែការផ្សព្វផ្សាយមិនសូវរស់រវើក មិនបានទូលំទូលាយ ដើម្បីអោយប្រជាពលរដ្ឋបានដឹង ដូច្នេះហើយជាជំហានទៅមុខទៀត ក្រសួងព័ត៌មាន នឹងពង្រឹងកិច្ចសហការជាមួយ ក្រសួង ស្ថាប័ន នានាចំណុះអោយរាជរដ្ឋាភិបាល ដើម្បីជួយធ្វើការផ្សព្វផ្សាយពីផែនការសកម្មភាព និងសមិទ្ធិផលនានាដែលសម្រេចបាននាពេលកន្លងមក ដាក់ចុះនូគោលនយោបាយ និងទិសដៅបន្តទៅមុខទៀត ដើម្បីបញ្ជ្រាបទៅអោយប្រជាពលរដ្ឋបានដឹងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីផែនការសកម្មភាពការងារដែលរាជរដ្ឋាភិបាលបានដាក់ចុះ ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ប្រពន្ធ័ផ្សព្វផ្សាយពិតជាមានសារៈសំខាន់នៅក្នុងការធ្វើអោយប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្ត ។ ដូចនេះក្រសួងព័ត៌មាន ត្រូវតែសកម្ម ហើយក្រសួង ស្ថាប័នដ៏ទៃទៀតដែលធ្វើកិច្ចការងារសម្រេចបាន ក៏គួរតែសហការគ្នា ហើយសកម្មដើម្បីធ្វើការផ្សព្វផ្សាយបានទូលំទូលាយ ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋ កសាងជំនឿទុកចិត្ត ដែលអាចទទួលបាននូវការចូលរួមគាំទ្រ និងផ្សព្វផ្សាយសមិទ្ធិផលដែលសម្រេចបាន ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកការចុះអនុស្សរណៈនាឱកាស គឺមានសារសំខាន់ ដែលជាជំហានថ្មីមួយក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ ដោយឡែក គោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវ សកម្មភាពពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានលឿន រហ័ស និងទាន់ពេលវេលា ប្រកបដោយ គុណភាព ទៅដល់សាធារណៈជនទូទៅ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានជាក់លាក់ពីព្រឹត្តិការណ៍ សំខាន់ៗនៃការអភិវឌ្ឍក្នុងវិស័យទេសចរណ៍កម្ពុជាទៅដល់មជ្ឈដ្ឋានទូទៅ។
ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន បានជម្រាបជូនថា

ក្រសួងទេសចរណ៍ បានដាក់ចេញផែនការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដោយមានចក្ខុវិស័យច្បាស់លាស់ «ដើម្បីរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ»។ ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍ក៏បានដាក់ចេញបេសកកម្មសម្រាប់ កសាងបរិស្ថាន ដែលមានលក្ខណៈអំណោយផលដល់ទេសចរណ៍កម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពរស់រវើក ធានាបាននូវឧត្តមភាព ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន តាមរយៈការដាក់ចេញ និងជំរុញការអនុវត្តឱ្យបានពេញលេញនូវគំនិត ផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ និងអភិវឌ្ឍ៣» ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តការងាររបស់មន្ត្រីក្រសួងទេសចរណ៍ គ្រប់លំដាប់ថ្នាក់ និងសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ក្នុងគោលដៅបង្កើនប្រសិទ្ធភាព សុខុដុមនីយកម្មក្នុងការងារ ការសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួម អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

អនុស្សរណៈនៃការយោគយល់នេះត្រូវបាន រៀបចំឡើងក្នុងគោលបំណងសហការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងទេសចរណ៍ ឱ្យកាន់តែសម្បូរបែប ទាន់ពេលវេលា និង ប្រកបដោយគុណភាព សំដៅបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យទេសចរណ៍នៅកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ទាំងបុរាណ និងទំនើប រួមទាំងបណ្តាញទំនាក់ទំនងសង្គមដទៃទៀតរបស់ក្រសួងព័ត៌មាន សំដៅពង្រីក និងពង្រឹងវិសាល ភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ៕