មន្ត្រីស្នងការនគរបាលរាជធានីភ្នំពេញ ចូលរួមដង្ហែសព និងគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដែលបានពលីជីវិតក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា
នាព្រឹកថ្ងៃទី០១ខែកកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងទទួលផែនការងារសេនាធិការដែលជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចូលរួមដង្ហែសពនិងគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាលើកចុងក្រោយ ក្នុងពិធីបូជាសពនៅវត្តកប់ស្រូវ ដើម្បីជាកិច្ចតបស្នងនូវគុណតម្លៃស្នាដៃដ៏ធំធេងដែលលោកអនុសេនីយ៍ត្រី សៅ រក្សា បានលះបង់អាយុជីវិត នៅពេលបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ហើយបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
សូមរំលឹកថា៖ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ មន្រ្តីនគរបាល ប៉ុស្តិ៍បឹងកេងកងទី២ម្នាក់ ត្រូវបានជនសង្ស័យម្នាក់ចាក់ស_ម្លាប់, ជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច ត្រូវបា_ញ់ស_ម្លាប់នៅហ្នឹងកន្លែង។
ប្រតិបត្តិការនេះកើតឡើងវេលាម៉ោង៤ល្ងាចថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្លូវ៣០៤ កែង១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕