ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកដំណើរការកំណែវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការអោយចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងចំនួន២
ក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមដំណើរការកំណែវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការអោយចូលបម្រើការងារ ក្នុងក្របខណ្ឌចំនួន ២ក្រសួង នៅព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល
ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន នៅមតេ្តយ្យសិក្សា ផ្អែកលើគោលការណ៍ គុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា ÷ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល ១ថ្ងៃពេញ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដែលមានបេក្ខជនចូលរួមប្រមាណ ៧២៩អង្គ/នាក់ (ស្រី ១៨៨នាក់) បានបញ្ចប់ទៅដោយរលូន ហើយចំណែកឯការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា (វិញ្ញាសាសរសេរលើកទី១) ក៏បានបញ្ចប់ដោយជោគជ័យ ដែលកន្លងទៅការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា ទាំង២វេន រយៈពេល ១ថ្ងៃពេញ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានបេក្ខជនចូលរួមប្រមាណ ១០,៥១១អង្គ/នាក់ (ស្រី ៩,០៤៣នាក់) បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាទីបំផុត។
សន្លឹកកិច្ចការរបស់បេក្ខជន ចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យសិក្សា (វិញ្ញាសាសរសេរលើកទី១) ត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យស្ម័គ្រចិត្តផងដែរ។