អ្នកទីក្រុងក្នុងខេត្ត Rizal របស់ប្រទេសហ្វីលីពីនដើរកាត់ជំនន់ទឹកភ្លៀងបន្ទាប់ពីព្យុះត្រូពិច Yagi បោកបក់ជាច្រើនថ្ងៃ និងធ្វើឲ្យមនុស្ស៩នាក់ស្លាប់!

ព្យុះត្រូពិចដ៏កំណាចមួយបានបោកបក់មកលើប្រទេសហ្វីលីពីនបានធ្វើឱ្យមានហេតុការណ៍បាក់ដី និងភ្លៀងធ្លាក់ខ្លាំង ព្រមទាំងជន់លិចតំបន់ភាគខាងជើងហ្វីលីពីនអស់ជាច្រើនយប់មកហើយរហូតដល់ថ្ងៃច័ន្ទនេះ។ ស្ថានភាពទឹកជំនន់បានបណ្តាលឱ្យមនុស្សយ៉ាងតិច៩នាក់ស្លាប់ និងបង្ខំចិត្តឱ្យអាជ្ញាធរផ្អាកសាលារៀន និងការងាររបស់រដ្ឋាភិបាលមួយចំនួននៅក្នុងតំបន់នៃរដ្ឋធានីដែលមានប្រជាជនរស់នៅច្រើន។ ប្រជាជនដែលស្ថិតក្នុងតំបន់រងគ្រោះត្រូវគេឃើញដើរក្នុងទឹកពន្លិចផ្លូវយ៉ាងជន់ជោរ ដោយអ្នកខ្លះបង្ហាញភាពភ័យខ្លាចនឹងត្រូវរលកទឹកជនបោកបក់បន្ថែមមើលផ្ទះរបស់ពួកគេ ខណៈសេវារថយន្តដឹកដីបើកកាត់ផ្លូវដែលលិចទឹកនោះក្នុងទីក្រុង Cainta។ ព្យុះត្រូពិចដែលគេស្គាល់ឈ្មោះ Yagi បានបោកបក់មកលើប្រទេសហ្វីលពីនក្នុងចម្ងាយ ១១៥ គីឡូម៉ែត្រ នាភាគឦសាននៃតំបន់ទីប្រជុំជន Infanta ក្នុងខេត្ត Quezon ភាគអាគ្នេយ៍នៃទីក្រុងម៉ានីលត្រឹមថ្ងៃច័ន្ទនេះ ដោយវាមកជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ទៅ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្រិតខ្យល់ខ្លាំងរហូតដល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមរបាយការណ៍នៃការិយាល័យអាកាសធាតុហ្វីលពីន។ មិនតែប៉ុណ្ណោះព្យុះនេះបាននឹងកំពុងរំកិលខ្លួនទៅកាន់ភាគពាយ័ព្យនៃប្រទេសក្នុងល្បឿន១៥គីឡូម៉ែត្រក្នុងមួយម៉ោង និងនៅជិតឆ្នេរសមុទ្រភាគខាងកើតនៃតំបន់ដ៏សំខាន់ Luzon ជាផងដែរ ជាកន្លែងមួយ ដែលក្រុមការិយាល័យអាកាសធាតុបានព្រមានអំពីស្ថានភាពទឹកជំនន់នឹងអាចមកដល់ភ្លាមៗ និងហេតុការណ៍រអិលបាក់ដីនៅតំបន់ភ្នំមួយនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ