ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ « ការអប់រំផ្លូវចិត្តបានល្អ ធ្វើអោយសុខភាពរាងកាយរបស់យើងក៏បានល្អផងដែរ »
សូមរក្សាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តអោយបានរឹងមាំ ការអប់រំពីសុខភាពផ្លូវចិត្តជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវទទួលបានអប់រំយល់ដឹងអោយបានច្រើន,
នេះការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីនៃអង្គសិក្ខាសាលា «ការអប់រំសុខភាពផ្លូវចិត្ត» ដោយព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះរាជាគណ:កិត្តិយស ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន គល់ទទឹង ។
សិក្ខាសាលានេះរៀបចំឡើងដោយ សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងមានការចូលរួមស្តាប់ពី លោកជំទាវ លោកស្រី អ្នកនាង កញ្ញា ជាមន្ត្រីរាជការ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បញ្ហាផ្លូវចិត្តគឺជាជំងឺមួយបើយើងមិនយកចិត្តទុកដាក់អាចធ្វើអោយប៉ះពាល់សុខភាពជារួម ដូច្នេះហើយបើសិនជាយើងមិនគិតគួរ មិនធ្វើអោយរាងកាយខ្លួនយើងបានរឹងមាំនោះទេ មេរោគជំងឺនៅក្នុងខ្លួនកាន់តែវាយលុកខ្លាំងធ្វើអោយរាងកាយចុះទ្រុឌទ្រោម ហើយបើមានបញ្ហាផ្លូវចិត្ត បាក់ទឹកចិត្ត ធ្វើអោយរាងកាយរបស់យើងកាន់តែពិបាក ។
ដូចនេះត្រូវពង្រឹងសុខភាពផ្លូវចិត្តរបស់យើងតាមរយៈការគិតថា រឿងរ៉ាវដែលបានកើតឡើងយើងមិនលាក់ទុករហូត នោះទេ ព្រោះបើមនុស្សបៀមទុក្ខគឺឆាប់ស្លាប់ ។ បញ្ហាទាំងអស់ដែលកើតឡើងគឺតែងតែមានដំណោះស្រាយ កុំគិតថាមិនមានដំណោះស្រាយទោះបីការងារនោះស្មុគស្មាញយ៉ាងណាក៏ដោយចុងក្រោយវាត្រូវតែមានដំណោះស្រាយ គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះនោះទេ ។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ក្រោយពីរបបខ្មែរក្រហមដួលរលំ គឺប្រជាជនកម្ពុជា ១០០% ដែលមានបញ្ហាផ្លូវចិត្ត ដោយសារការខ្លាចព្រោះបានឃើញគេសម្លាប់មនុស្ស ឬការធ្វើបាបក្រុមគ្រួសារនៅចំពោះមុខតែមិនហ៊ានប្រតិកម្មអ្វីនោះទេ, ក្រុមគ្រួសារខ្លះត្រូវបានគេចាប់ ប្តី ឬប្រពន្ធយកទៅសម្លាប់ តែមិនហ៊ានយំ ស្រក់ទឹកភ្នែកអោយគេឃើញ ដែលនេះធ្វើអោយគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ ជំងឺផ្លូវចិត្តធ្វើអោយឈឺក្បាល ធ្វើអោយឆាប់ភ័យ ឆាប់លោះព្រលឹង ឆាប់បាត់ម្ចាស់ការ ដែលជាបញ្ហាចាំបាច់ដែលត្រូវគិតគួរ និងធ្វើការអប់រំសុខភាពផ្លូវចិត្តអោយបានទូលំទូលាយ ៕