ឯកឧត្តម ឈៀង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈៀង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈប្រតិភូតាមបណ្តាក្រសួងស្ថាប័ន បានសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន ចំពោះការទទួលមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង គឺជាការបាត់បង់នូវឥស្សរជនដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា ដែលក្នុងមួយជីវិតរបស់សម្តេចចៅហ្វាវាំង បានខិតខំលះបង់យ៉ាងធំធេងទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ភាពឈ្លាសវៃ និងប៉ិនប្រសប់ ពុះពារគ្រប់ការលំបាកសព្វបែបយ៉ាង បំពេញការងារនៅគ្រប់ទីកន្លែង គ្រប់និគមជនបទនៃព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស ព្រមទាំងបានខិតខំបំពេញភារកិច្ចទាំងយប់ ទាំងថ្ងៃ ក្នុងការចូលរួមចំណែកបម្រើប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ ស្មោះត្រង់នឹងព្រះរាជបល្ល័ង្ក។ សម្តេចចៅហ្វាវាំង បានដង្ហែបម្រើព្រះរាជកិច្ចបានល្អប្រពៃណាស់តាំងពីក្នុងរជ្ជកាលព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រហូតមកដល់បច្ចុប្បន្នកាលនៃការគ្រងរាជ្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។មរណភាពរបស់ សម្តេចចៅហ្វាវាំង គឺជាការបាត់បង់រកអ្វីប្រៀបផ្ទឹមពុំបាននូវឧត្តមស្វាមី បិតាបង្កើត បិតាក្មេក ជីតា ជីតាក្មេក ជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងសង្គហធម៌ ដែលកន្លងមកបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗដល់ កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និងសុខដុមរមនាសង្គមឱ្យបានរីកចម្រើនរហូតមក។
រូបភាពដោយ÷ Hem Viesnear ស្ទឹងត្រែង