ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបប្រជុំជាមួយក្រុមការងារកងវិស្វកម្មរៀបចំដំណើរទស្សនកិច្ចតាមបន្ទាត់ព្រំដែននៃប្រទេសកម្ពុជា ភាគឦសាន្ត ដែលនឹងចាប់ផ្តើមចេញនៅថ្ងៃទី០៧ ខែកញ្ញា រៀងរាល់ចុងសប្តាហ៍រហូតដល់ចុងឆ្នាំ២០២៤
ដើម្បីរួមសហការគ្នាធ្វើអោយការរៀបចំដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃទៅកាន់តំបន់បណ្តោយព្រំដែន ប្រព្រឹត្តទៅដោយរលូន និងបានល្អប្រសើរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច បានអញ្ជើញជួបប្រជុំជាមួយក្រុមការងារកងវិស្វកម្មរៀបចំដំណើរទស្សនកិច្ចតាមបន្ទាត់ព្រំដែននៃប្រទេសកម្ពុជា ភាគឦសាន្ត ដែលនឹងចាប់ផ្តើមចេញនៅថ្ងៃទី០៧ ខែកញ្ញា រៀងរាល់ចុងសប្តាហ៍រហូតដល់ចុងឆ្នាំ២០២៤ ។
កិច្ចប្រជុំធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដោយផ្តោតជាសំខាន់ទៅលើការត្រៀមរៀបចំដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី-និងខេត្តស្ទឹងត្រែង លើកដំបូងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងបន្តបន្ទាប់រៀងរាល់ចុងសប្តាហ៍ ដល់ដំណាច់ឆ្នាំ២០២៤ នេះ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅថ្ងៃទី៧ ខែកញ្ញា ចុងសប្តាហ៍ខាងមុខនេះ ក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច នឹងជូនដំណើរ បងប្អូនប្រជាពលរដ្ឋចំនួន ២០០នាក់ ដែលបសនចុះឈ្មោះមុនដំបូងគេ ទៅទស្សនកិច្ចនៅតាមក្រវ៉ាត់ព្រំដែន ទិសឦសាន ដោយចេញដំណើរពីម៉ោង ៤ ព្រឹក ហើយត្រឡប់មកវិញម៉ោង ១៦ រសៀល ។ សម្រាប់ដំណើរទស្សនកិច្ចគឺមានសារៈសំខាន់ដើម្បីផ្តល់ជួនដល់សាធារណជនបានជម្រាបពីស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី- រតនគិរី -និងខេត្តស្ទឹងត្រែង ដើម្បីអោយប្រជាពលរដ្ឋបានដឹង និងឃើញដោយផ្ទាល់ពីកិច្ចការពារអធិតេយ្យជាតិ និងបូរណភាពទឹកដី ដែលរាជរដ្ឋាភិបាលកម្ពុជាមិនដែលព្រងើយកន្តើយទោះបីក្នុងវិនាទីណានោះឡើយ ។ ជាមួយដំណើរទស្សនកិច្ចនេះដែរ ក៏ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន ៕