បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ អស់រយៈពេល ៥ ថ្ងៃ រួចមក សពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានរៀបចំពិធីដង្ហែសពចេញពីគេហដ្ឋាន ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅរង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេងតាមមហាវិថីសម្តេចសុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន។
សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។ សពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការទទួលមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង គឺជាការបាត់បង់នូវឥស្សរជនដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា ដែលក្នុងមួយជីវិតរបស់សម្តេចចៅហ្វាវាំង បានខិតខំលះបង់យ៉ាងធំធេងទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ភាពឈ្លាសវៃ និងប៉ិនប្រសប់ ពុះពារគ្រប់ការលំបាកសព្វបែបយ៉ាង បំពេញការងារនៅគ្រប់ទីកន្លែង គ្រប់និគមជនបទនៃព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស ព្រមទាំងបានខិតខំបំពេញភារកិច្ចទាំងយប់ ទាំងថ្ងៃ ក្នុងការចូលរួមចំណែកបម្រើប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ ស្មោះត្រង់នឹងព្រះរាជបល្ល័ង្ក។
សម្តេចចៅហ្វាវាំង បានដង្ហែបម្រើព្រះរាជកិច្ចបានល្អប្រពៃណាស់តាំងពីក្នុងរជ្ជកាលព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្នកាលនៃការគ្រងរាជ្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕