ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run គោលបំណង រត់ ដើម្បីអបអរសាទរ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ

ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run ដែលនឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ បានគោលបំណង ចម្បង គឺដើម្បីអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រមទាំង រត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍រត់ប្រណាំងនេះ ត្រូវបានដាក់គោលដៅ ក្នុងការអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយយើងទាំងអស់គ្នាត្រូវតែនាំគ្នាបំផុសការគាំទ្ររៀងរាល់ពេលទាំងអស់។ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ព្រឹត្តិការណ៍រត់ប្រណាំងនេះត្រូវបានរៀបចំឱ្យមានការកើនឡើងឱ្យបានច្រើនដង ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបង្កើនសុខភាពរបស់ខ្លួនឱ្យបានល្អ។ «គោលដៅនៃព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run ឆ្នាំ២០២៤នេះ គឺផ្តោតសំខាន់ទៅលើការអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមួយមានគុណតម្លៃខ្ពស់សម្រាប់សេដ្ឋកិច្ច និងប្រទេសជាតិ តទៅជំនាន់ក្រោយៗទៀត ដោយជួយដល់សេដ្ឋកិច្ចជាតិផង ជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចឆ្ពោះទៅចក្ខុវិស័យរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលខាធិការ បន្ថែមថា ព្រឹត្តិការណ៍នេះបានកិច្ចសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA ដែលជួយជំរុញដល់ការលើកកម្ពស់ការយល់ដឹង និងជួយកាត់បន្ថយជំងឺមហារីកសុដន់របស់ស្ត្រី ហើយរយៈព្រឹត្តិការណ៍រត់ប្រណាំងនេះ យើងមានបេសកកម្មរួមគ្នា ក្នុងការស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យដៃគូ  ដែលមានជំនាញពិនិត្យ និងព្យាបាលជំងឺមហារីកសុដន់ផងដែរ ៕