រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ៖ គ្រប់សាសនាគឺសុទ្ធតែជាប្រភពនៃគុណតម្លៃសម្រាប់អប់រំសង្គមមនុស្សឲ្យបានល្អ
ថ្លែងនៅក្នុង ពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងកិច្ចសន្ទនា អន្តរជំនឿដើម្បីសន្តិភាពនិងការអភិវឌ្ឍជានិរន្ត ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គឡានឆាង ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានប្រសាសន៍ថា គ្រប់សាសនាគឺសុទ្ធតែជាប្រភពនៃគុណតម្លៃសម្រាប់អប់រំសង្គមមនុស្សឲ្យបានល្អ ។ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមដោយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ប្រធានមន្ទីរតាមបណ្តាខេត្ត ដែលបានប្រារព្ធឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ។ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងរបស់ ឯកឧត្តម ចាយ បូរិន ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព ប្រសិទ្ធផល នៃការអនុវត្តគម្រោង ធានាសម្រេចឱ្យបានតាមគោលបំណងខាងលើ ស្របតាមបេសកកម្មរបស់ក្រសួងធម្មការនិងសាសនា និងការរំពឹងចង់បានរបស់ម្ចាស់ជំនួយ ដែលមានខ្លឹមសារដូចខាងក្រោម៖១) ក្រុមបច្ចេកទេសគម្រោងត្រូវក្តាប់ឱ្យជាប់បេសកកម្មរបស់ក្រសួងធម្មការនិងសាសនា ជាពិសេស សុខដុមនីយកម្មសាសនា ដែលជាកត្តាពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងវត្ថុបំណងរបស់គម្រោង។២) ក្រុមបច្ចេកទេសគម្រោង ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីគោលបំណងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គោលបំណងជាក់ លាក់នៃគម្រោងដែលកំពុងអនុវត្ត នេះ និងការរំពឹងចង់បានរបស់ម្ចាស់ជំនួយ។៣) ក្នុងការអនុវត្តគម្រោង ក្រុមបច្ចេកទេសគម្រោង ត្រូវ ផ្ដោត ជាសំខាន់ លើប្រសិទ្ធភាព និងប្រសិទ្ធផលនៃគម្រោង ដើម្បីធានា សម្រេចបានលទ្ធផល តាមការរំពឹងទុក។៤)សូមស្ថាប័ននិងអ្នកពាក់ព័ន្ធ ដែលបាននិមន្តនិងអញ្ជើញចូលរួមក្នុង សិក្ខាសាលាទាំងអស់ ត្រូវបំពេញតួនាទីឱ្យបានល្អបំផុត ក្នុងដំណើរការអនុវត្ត គម្រោង ត្រូវយកអស់បញ្ញាស្មារតី ដើម្បីរួម ចំណែក ដល់ភាពជោគជ័យនៃគម្រោង ក៏ដូចជាចូលរួមចំណែក លើកកម្ពស់ សុខដុមនីយកម្មសាសនា និងថែរក្សាសន្តិភាព ក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាបប្រទេសតាមដងទន្លេមេគង្គឡានឆាង ទាំងអស់។នាឱកាសនេះ ឯកឧត្តម ឃី រតនៈ បានលើកថាដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងធម្មការនិងសាសនាបានអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុនីយកម្មសាសនា” សម្រាប់អនុវត្តចាប់ពីឆ្នាំ២០២៤-២០២៨ ផ្អែកលើកផែនការយុទ្ធសាស្រ្តចំនួន៥ របស់ក្រសួងរួមមមាន ៖ ១.ការលើកកម្ពស់សាសនារបស់រដ្ឋ ២.ការលើកម្ពស់សីលធម៌សង្គម៣.រក្សាសុខដុមនីយកម្មសាសនា៤.ការពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សាគ្រប់កំរិតនិង៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស ។ ឯកឧត្តម ឃី រតនៈ បានជម្រាបជូនអំពីប្រសាសន៍ណែនាំរបស់ឯកឧត្តម រដ្ឋមន្រ្តីអំពីគម្រោង “កិច្ចសន្ទនាអន្ដរជំនឿ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ ជានិរន្ដរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង”គោលបំណងចែករំលែកបទពិសោធន៍ស្តីពីវប្បធម៌អន្តរជំនឿ និងការគ្រប់គ្រង ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍ លើកកម្ពស់កិច្ចសន្ទនាអន្តរជំនឿ ទិវាអន្តរជាតិនៃសប្តាហ៍សុខដុមរមនាពិភពលោករបស់អង្គការសហប្រជាជាតិ និងទិវាសាសនា អន្តរជាតិនៅប្រទេសទន្លេមេគង្គ-ឡានឆាង និងពង្រឹងភាពសុខដុមរមនាអន្តរជំនឿ និងកិច្ចសហប្រតិបត្តិការនៃប្រទេសទន្លេមេគង្គ-ឡានឆាង៕