បែកធ្លាយរបាយការណ៍ប្រហារជីវិតមន្រ្តី៣០នាក់នៅកូរ៉ខាងជើង ក្រោយពីលោក Kim Jung Un ដឹងថាបានធ្វេសប្រហែសធ្វើឲ្យមនុស្សស្លាប់ជាង៤០០០នាក់ដោយគ្រោះទឹកជំនន់ខែកក្កដា!

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យប្រហារជីវិតមន្ត្រីរហូតដល់៣០នាក់ ជុំវិញភាពបរាជ័យរបស់ពួកគេសម្រាប់ការងារទប់ស្កាត់គ្រោះទឹកជំនន់ និងហេតុការរអិលបាក់ដីដ៏ធំនៅរដូវក្តៅកន្លងទៅ ដោយបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែល ៤០០០ នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ដែលប្រែសម្រួល The New York Post ។ ទូរទស្សន៍ Chosun បានរាយការណ៍ទៀតថា មន្ត្រីក្រោមឱវាទរបបរបស់លោក Kim បាននិយាយថាមន្រ្តីជាន់ខ្ពស់ប្រមាណជា២០ទៅ ៣០នាក់ក្នុងប្រទេសកូរ៉េខាងជើង បានរងពីបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយផង និងក្លែងបន្លំកាតព្វកិច្ចផង ដោយរដ្ឋកូរ៉េបានសម្រេចកាត់ទោសពួកគេឱ្យជាប់ពន្ធនាគាររួចទៅហើយដែរ។ ទោសរបស់មន្ត្រីទាំងនោះគឺត្រូវបានទីភ្នាក់ងារបញ្ជាក់ថាជាការកំណត់របស់កម្មាភិបាលគឺពីចំនួន២០ទៅ៣០នាក់ឯនោះក្នុងតំបន់រងគ្រោះដោយទឹកជំនន់នឹងត្រូវបានប្រហារជីវិតកាលពីចុងខែកក្កដាមុន។ របាយការណ៍ប្រហារជីវិតនោះមិនត្រូវបានផ្ទៀងផ្ទាត់ភ្លាមៗដោយបណ្តាញសារព័ត៌មានឯករាជ្យនោះទេ។ ចំណែកទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានរាយការណ៍ថាលោក Kim បញ្ជាឱ្យអាជ្ញាធរ”ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង” ចំពោះមន្រ្តីដទៃទៀត បន្ទាប់ពីមានគ្រោះមហន្តរាយទឹកជំនន់បានវាយប្រហារខេត្ត Chagang កាលពីខែកក្កដាដោយបានឆក់យកជីវិតមនុស្សប្រហែលជា ៤០០០នាក់ និងមនុស្សជាង១៥ពាន់នាក់ត្រូវបានជម្លៀសខ្លួនចេញ។ មន្ត្រីដែលត្រូវបានគេប្រហារជីវិតនោះមិនបានបញ្ចេញអត្តសញ្ញាណច្បាស់លាស់ឡើយ ប៉ុន្តែរបាយការណ៍បានកត់សម្គាល់ថា លោក Kang Bong-hoon ជាលេខាគណៈកម្មាធិការគណបក្សក្នុងខេត្ត Chagang ចាប់តាំងពីឆ្នាំ ២០១៩ មក ក៏ស្ថិតក្នុងចំណោមមនុស្សដែលមេដឹកនាំ Kim បណ្តេញចេញក្នុងកិច្ចប្រជុំបន្ទាន់មួយអំឡុងពេលមានគ្រោះមហន្តរាយទឹកជំនន់ដែរ។ ទាក់ទងនឹងបញ្ហានេះដែរមន្រ្តីទទួលបន្ទុកការងាររៀបចំជំនួបឲ្យលោក Kim និងជាអតីតអ្នកការទូតកូរ៉េខាងជើង លោក Lee Il-gyu បានប្រាប់ទូរទស្សន៍ TV Chosun ថា វាច្បាស់ណាស់ថាពេលនេះមន្ត្រីផ្សេងទៀតនៅក្នុងខេត្តនោះ “កំពុងភិតភ័យយ៉ាងខ្លាំង ដែលពួកគេមិនដឹងថា តើនៅពេលណាដែលករបស់ពួកគេនឹងធ្លាក់ចុះដូចមន្រ្តីឯទៀតនោះទេ”។ ប៉ុន្តែសប្តាហ៍ចុងក្រោយនេះវត្តមានរបស់លោក Kim ត្រូវបានគេឃើញជាញឹកញាប់នៅទីតាំងរងគ្រោះទឹកជំនន់ ដើម្បីស្ទង់មតិពីពលរដ្ឋក្នុងតំបន់ដែលរងផលប៉ះពាល់ និងបានជួបជាមួយអ្នកស្រុកជាច្រើន ដើម្បីប៉ាន់ប្រមាណពីទំហំខូចខាត និងនិងស្តាឡើងវិញ។ មេដឹកនាំកូរ៉េខាងជើងរូបនេះក៏បានរងនូវការរិះគន់ពីរដ្ឋាភិបាលកូរ៉េខាងត្បូងដែរ ដែលបណ្តោយឲ្យមានមនុស្សស្លាប់ច្រើនខ្ទង់ពាន់នាក់ដោយសារគ្រោះធម្មជាតិ ប៉ុន្តែលោក Kim បានបដិសេធទៅវិញ។ វាមិនមែនជាលើកទីមួយទេដែលលេចចេញពីរបាយការណ៍លោក Kim បញ្ជាឱ្យដកមន្ត្រីនេះ មន្រ្តីនោះចេញជុំវិញភាពបរាជ័យរបស់ពួកគេដែលលោកបានសង្កេតដោយផ្ទាល់។ ហើយនៅឆ្នាំ២០១៩កន្លងទៅលោក Kim បានសម្រេចប្រហារជីវិតលោក Kim Hyok Chol ជាបេសកជននុយក្លេអ៊ែររបស់លោកប្រចាំនៅសហរដ្ឋអាមេរិកដែរ ចំពោះការខកខានរៀបចំជំនួបនៃកិច្ចចរចាររវាងលោក Kim និងអតីតប្រធានាធិបតីអាម៉េរិកលោក Donald Trump ដែរ ប៉ុន្តែ CNN បានរាយការណ៍ថាលោក Chol គ្រាន់តែជាប់ឃុំឃាំងដោយថ្នាក់រដ្ឋតែប៉ុណ្ណោះ។ គួរបញ្ជាក់កាសែត Korea Times បានបានចុះផ្សាយប្រទេសកូរ៉េខាងជើងជាទូទៅជាប្រទេសមួយដែលមានអត្រាប្រហារជីវិតមនុស្សជាសាធារណៈខ្ពស់ជាងគេ គឺអាច១០នាក់ក្នុង១ថ្ងៃ ប្រសិនបើរកឃើញប្រពឹត្តិអំពើពុករលួយជាប្រព័ន្ធ កាលពីមុនសម័យកាលកូវីដរាតត្បាត ៕

សម្រួលអត្ថបទ៖ សុផារិន្ទ