សិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើការប្រឡងសាកល្បង នៅវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម សួន ពិរុណ បានមានប្រសាសន៍ថា សិស្សានុសិស្ស គឺជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជាបន្តទៀត នៅក្រោមម្លប់សន្តិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុនសែន។
ឯកឧត្តម សួន ពិរុណ តំណាង ឯកឧត្តម ណុប រ័ត្ននិមល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារយុវជនគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានអញ្ជើញដឹកនាំក្រុមការងារយុវជនចុះត្រួតពិនិត្យ-កាត់វិញ្ញាសារប្រឡងសាកល្បងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលការប្រឡងសាកល្បងនេះ បានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តម សួន ពិរុណ ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាភ ជូនចំពោះសិស្សានុសិស្ស លោកគ្រូអ្នគ្រូ និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលតែងតែមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់។
ឯកឧត្តម សួន ពិរុណ បានថ្លែងថា ការប្រឡងសាកល្បងនេះ គឺជាការជួយពង្រឹងសមត្ថភាព និងជំនួយស្មារតីដល់ប្អូនៗឱ្យកាន់តែព្យាយាមសិក្សារៀនសូត្រ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ នាពេលខាងមុខទទួលបាននិទ្ទេសល្អ ដូចជារៀមច្បងឆ្នាំមុនៗ និងដើម្បីចូលរួមលើកស្ទួយដល់វិស័យអប់រំឲ្យកាន់មានសន្ទុះនិងខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្តម សួន ពិរុណ បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍន៍មូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសចំណូល។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សួន ពិរុណ ក៏បានលើកទឹកចិត្ត និងជម្រុញដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ឱ្យខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជាបន្តទៀត និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង បន្តការចូលរួមថែរក្សាសុខសន្តិភាព ដើម្បីសុភមង្គលគ្រប់ក្រុមគ្រួសារ និងបាននាំយកថវិការ ដែលេជាអំណោយរបស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកជំទាវ ប៉ែន ចន្នី ប្រគល់ជូនលោកនាយកសាលា ប្រធានគណៈកម្មាការប្រឡងស្រុកកណ្តាលស្ទឹង។
យោងតាមរបាយការណ៍របស់ លោក ផេង រិទ្ធីយ៉ា នាយកវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត បានឲ្យដឹងថា ការប្រឡងសាកល្បង សិស្សានុសិស្សថ្នាក់ទី១២ នៅទូទាំងស្រុកកណ្តាលស្ទឹង ឆ្នាំនេះ មានចំនួន ៧២៤នាក់ ក្នុងនោះមានស្រីចំនួន ៤៥៦នាក់ ដែលមកពីវិទ្យាល័យចំនួន៣ គឺវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត, វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឬស និងវិទ្យាល័យព្រែកស្លែង ដើម្បីវ៉ាស់ស្ទង់សមត្ថភាព ឈានទៅប្រឡងថ្នាក់ជាតិ សញ្ញាបត្រមធ្យមសិក្សាទុត្តិយភូមិ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ស្រុកកណ្តាលស្ទឹង បានជាប់ចំណាត់លេខ១ស្ទើរៀងរាល់ឆ្នាំ ហើយការរៀបចំប្រឡងសាកល្បងនេះ គឺបានរៀបចំធ្វើជារៀងរាល់ឆ្នាំចាប់តាំងពី២០១៧មក ដោយក្រមការងារយុវជនគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង។