សូមប្រុងប្រយ័ត្ន! ពេលនេះខ្យល់ព្យុះទីហ្វុងដ៏កំណាច Yagi កំពុងក្រឡុកដែនកោះវៀតណាម បន្ទាប់ពីវាបោកបក់នៅជប៉ុននិងប្រទេសចិន

ថ្ងៃនេះប្រទេសវៀតណាមកំពុងព្យាយាមទប់ទល់នឹងកម្លាំងព្យុះទីហ្វុងដ៏មានឥទ្ធិពលដែលមានឈ្មោះថា Yagi ខណៈដែលវាត្រូវបានគេរំពឹងទុកថានឹងបោកបក់នៅលើតំបន់ឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះនៅល្ងាចថ្ងៃសៅរ៍។ ព្យុះទីហ្វុង Yagi បានអុកឡុកប្រទេសមួយចំនួនរួចហើយមានដូចជាជប៉ុន ចិន ទីក្រុងហុងកុង ហើយឥឡូវវាកំពុងបញ្ចេញកម្លាំងបោកបក់ឆ្លងកាត់កោះ Bach Long Vi របស់ប្រទេសវៀតណាក្នុងតំបន់ឈូងសមុទ្រតុងកឹង កាលពីព្រឹកថ្ងៃសៅរ៍នេះ ដោយវាបានវេចខ្ចប់ខ្យល់ដ៏ខ្លាំងក្នុងល្បឿន១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងជន់ជោរមិនឈប់ដែរ មុនពេលវាត្រូវធ្វើដំណើរបន្តឆ្ពោះទៅកាន់ខេត្ត Quang Ninh ។ រូបភាពវីដេអូដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិរបស់វៀតណាម VTV បានបង្ហាញពីស្ថានភាពទឹកសមុទ្រខ្ជុរខ្ជោរដ៏អាក្រក់ និងខ្យល់បក់បោកយ៉ាងខ្លាំងមកលើដើមឈើ និងដំបូលសំណប៉ាហាំងបណ្តាលឲ្យខូចខាតជាដំណំ។ អាជ្ញាធរក្នុងតំបន់ភាគខាងជើងនៃប្រទេសវៀតណាមបានប្រកាសផ្អាកសេវាដឹកជញ្ជូនសាធារណៈនានារួមទាំងសេវារថភ្លើង និងអាកាសយានដ្ឋានចំនួន៤រហូតដល់ល្ងាចថ្ងៃសៅរ៍នេះជាកំហិត។ ព្យុះទីហ្វុង Yagi ដែលត្រូវបានគេនិយាយថាជាព្យុះដែលមានកម្លាំងខ្លាំងបំផុតមួយ បានខកខានចូលមកវាយលុកប្រទេសវៀតណាមក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ឥឡូវវាបានបង្ហាញខ្លួនជាថ្មី បណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃសុក្រនេះមក ហើយវាក៏បានសម្លាប់ស្ត្រីម្នាក់បន្ទាប់ពីរូបនាងត្រូវខ្យល់បករំលំដើមឈើសង្កត់លើនៅទីក្រុងហាណូយដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ