គ្រប់ភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់ការយល់ដឹងនិងផ្លាស់ប្តូរទម្លាប់រស់នៅប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព

ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រុមការងារដើរព្រៃ កីឡាករ កីឡាការិនី ឡើងភ្នំ និងវិស័យឯកជន បានចូលរួមផ្សព្វផ្សាយភាពស្អាត បៃតង និងដាំកូនឈើ ជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាតាភន ស្ថិតនៅភូមិភ្នំតាឱស ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន បានកំណត់ទិសដៅការងារជាអាទិភាពនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដោយការរស់នៅប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព ដែលបានកំណត់ជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ឯកឧត្តមបានថ្លែងអំណរគុណ និងលើកទឹកចិត្តបន្ថែមដល់អាជ្ញាធរ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមបង្កើតភាពស្អាត កាត់បន្ថយការបំពុលដោយសំរាមប្លាស្ទិក តាមរយៈយុទ្ធនាការបន្តបន្ទាប់ របស់ក្រសួងបរិស្ថាន ដែលក្នុងនោះក្នុងជំហានទី១ គឺការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្តិកទេ» និងចូលរួមអនុវត្តរើសសំរាម ប្លាស្ទិក សម្អាតផ្ទះ និងមូលដ្ឋានរបស់ខ្លួនឱបានស្អាត តាមរយៈយុទ្ធនាការអនុវត្តគឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកន្លងមកទទួលបានការចូលរួមពីប្រជាពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេស ហើយនៅក្នុងជំហានបន្ទាប់នោះប្រជាពលរដ្ឋត្រូវចេះទុកដាក់និងញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីភាពស្អាតនៅតាមផ្ទះសម្បែង ក្នុងមូលដ្ឋាន និងកម្ពុជាស្អាតទាំងក្នុង និងលើឆាកអន្តរជាតិ។សូមបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយការងារបរិស្ថានជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាតាភន អ្នកចូលរួម បានចែកសម្ភារសិក្សា សម្ភារការិយាល័យ អំពូលភ្លើងសូឡា និងថ្នាំពេទ្យមួយចំនួន ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងបានចូលរួមដាំកូនឈើ ចំនួន១៥០ដើម ដែលផ្តល់ជូនដោយមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សម្រាប់ជួយបង្កើនភាពបៃតង ដល់មូលដ្ឋានសាលារៀនក្នុងតំបន់៕