ឯកឧត្តម ជា សុមេធី មានប្រសាសន៍ថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កើតប្រព័ន្ធគាំពារសង្គម

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការដាក់ឱ្យអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កើតប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈឆ្លើយតបគ្រប់ជ្រុងជ្រោយទៅនឹង តម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើតក្នុងផ្ទៃ រហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមដែលមានភាពធន់ ព្រមទាំង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន។ 

ឯកឧត្តម ជា សុមេធី ក៏បានផ្តល់ជាអនុសាសន៍គន្លឹះ ដូចខាងក្រោម៖ ១. ស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការគាំទ្រ និងសម្របសម្រួលដល់ដំណើរការនៃការអនុវត្ត កម្មវិធី ដើម្បីធានាបាននូវសង្គតិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ និងនិរន្តរភាពកម្មវិធី 

២. រដ្ឋបាលរាជធានី ខេត្ត សូមបន្តជំរុញការអនុវត្ត ការផ្សព្វផ្សាយ និងពិនិត្យ តាមដានឱ្យបានជាប់ជា ប្រចាំ ដើម្បីធានាថា គ្រួសារដែលមានបណ្ណសមធម៌ និងសមាជិកងាយរងគ្រោះ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធី 

៣. មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរផែនការ មន្ទីរសុ ខាភិបាល និងសាខាមូលនិធិជាតិជំនួយសង្គម ត្រូវសហការគ្នាឱ្យបានស្អិតរមូត និងត្រូវសម្របសម្រួល ផ្តល់ការគាំទ្រ ឱ្យបានពេញលេញ ដល់តួអង្គប្រតិបត្តិករនៅថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដំណើរការទៅដោយរលូន និងប្រក្រតី។

សិក្ខាសាលានេះ រៀបចំឡើងដើម្បីដាក់ឱ្យអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និង មធ្យមសិក្សាចំណេះទូទៅ នៅដើមឆ្នាំ២០២៥នេះ ដើម្បីបន្តផ្តល់ការលើកទឹកចិត្តឱ្យកុមារចុះឈ្មោះចូលរៀនបាន ទាន់ពេលវេលា និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅ។ 

ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា មូលនិធិជាតិជំនួយសង្គម បាននឹងកំពុងអនុវត្តកម្មវិធីជំនួយសង្គម របស់រាជរដ្ឋាភិបាលចំនួន ២ រួមមាន កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ត្រូវបានអនុវត្តជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៤ ដោយបានដំណើរ ការនៃការចុះឈ្មោះផ្តល់ការឧបត្ថម្ភគោល សម្រាប់គ្រួសារមានបណ្ណសមធម៌ បានសរុបចំនួន៦១៥,២៤៦គ្រួសារ ស្មើនឹង ៨៧.៨០% បើធៀបនឹងគ្រួសារមានបណ្ណសមធម៌សរុប។ បានផ្តល់ការឧបត្ថម្ភបន្ថែមសម្រាប់សមាជិក គ្រួសារដែលមានភាពងាយរងគ្រោះ រួមមាន ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជនចាស់ជរាអាយុ ៦០ឆ្នាំ ឡើង ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បាន ចំណាយថវិកាសរុប ១១៦ប៊ីលាន ៧៧៨លាន ៤៥០ពាន់រៀល ស្មើនឹង ២៩.១៩ លានដុល្លារអាមេរិក។ មូលនិធិ ជាតិជំនួយសង្គមក៏មានផែនការច្បាស់លាស់ សម្រាប់ត្រៀមអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នាដើមឆ្នាំ២០២៥នេះផងដែរ។ 

លោក Dr. Will Parks តំណាងមូលនិធិសហប្រជាជាតិដើម្បីកុមារ ហៅកាត់ថា UNICEF បានលើកឡើង ថា កម្មវិធីជាតិជំនួយសង្គមក្នុងប្រទេសកម្ពុជា ពិតជាមានការវិវឌ្ឍរីកចម្រើនជាលំដាប់ ចាប់តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ផ្អែកតាមកិច្ចសហការល្អរវាងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ UNICEF នឹងនៅតែបន្តកិច្ចសហការជាមួយគ្នាបន្តទៀត ពិសេស សម្រាប់គាំទ្រ ដល់ដំណើរការនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម របស់រាជរដ្ឋាភិបាល។