អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចប្រជុំកំពូលនៃមហាអនុតំបន់មេគង្គ លើកទី៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ
នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចប្រជុំកំពូលនៃមហាអនុតំបន់មេគង្គ លើកទី៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើឯកសារចំនួន ២ រួមមាន៖ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល និងសេចក្តីព្រាងយុទ្ធសាស្រ្តនវានុវត្តន៍សម្រាប់ការអភិវឌ្ឍកម្មវិធីមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ដែលឯកសារទាំងអស់នេះគ្រោងនឹងដាក់ជូនថ្នាក់ដឹកនាំប្រទេសជាសមាជិកមហាអនុតំបន់មេគង្គអនុម័តនៅក្នុងកិច្ចប្រជុំកំពូលលើកទី៨ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីឈៀងយ៉ាណារ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅក្នុងអង្គប្រជុំ និងបានគូសបញ្ជាក់អំពីគោលបំណងស្នូលនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង៦ រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាមានិតចិន, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា, ព្រះរាជាណាចក្រថៃ, និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានមហាអនុតំបន់មេគង្គនៅធនាគារអភិវឌ្ឍន៍អាស៊ី ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំពីយន្តការជាតិសម្រាប់ដឹកនាំ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ដែលរាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្ត និងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងឯកសារទាំង២ខាងលើ មុនដាក់ជូនអង្គប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូល ។
ជាលទ្ធផល, កិច្ចប្រជុំបានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ដោយរលូន និងជោគជ័យលើឯកសារទាំង២ ខាងលើ ។ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀតរវាងក្រសួង/ស្ថាប័នដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ក៏ដូចជាសម្របសម្រួលជាមួយកិច្ចសហប្រតិបត្តិការផ្សេងទៀត ដើម្បីធានាប្រសិទ្ធភាព និងលទ្ធផលការងារជូនរាជរដ្ឋាភិបាល ។