ជនមានពិការភាព ១០០ នាក់ នៃសមាគមតន្ត្រីសំនៀងជនពិការ ទទួលបានជំនួយពីសប្បុរសជន មានជាគ្រឿងឧបភោគ បរិភោគ និងថវិកា ហើយប្រធានសមាគមបានលើកឡើងថា ជំនួយទាំងនេះ ពិតជារួមចំណែកឱ្យជនមានពិការភាពចាប់យកជំនាញសម្រាប់ជីវិត ។
ជំនួយសប្បុរសជននានា ពិតជាបានរួមចំណែកកាត់បន្ថយបន្ទុកមួយផ្នែករបស់ សមាគមតន្ត្រីសំនៀងជនពិការ និងបានចូលរួមចំណែកជួយឱ្យមានពិការភាពដែលកំពុងស្នាក់នៅសិក្សានៅទីនេះ ចាប់យកនូវចំណេះ និងជំនាញ សម្រាប់ជីវិតរបស់ពួកគាត់ ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ នាឱកាសទទួលអំណោយសប្បុរសធ៌រពី ក្រុមហ៊ុន ដា ហ៊ូ ហេង អេនធើប្រាយ លីមីធីត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។
ឯកឧត្តម ចាប តូ ដែលក៏ជាជនមានពិការភាពភ្នែកទាំង ២ ផង បានឱ្យដឹងថា សមាគមតន្ត្រីសំនៀងជនពិការ បង្កើតឡើងកាលពីឆ្នាំ២០១២ បច្ចុប្បន្នមានសមាជិកជាង ៧០០ នាក់ នៅទូទាំង ២៥ រាជធានី ខេត្ត
ហើយសមាគមមានបើកបង្រៀនជំនាញវិជ្ជាជីវៈមួយចំនួនដល់ជនមានពកការភាពដូចជាអក្សរស្ទាប ម៉ាស្សា ពិធីករ ពិធីការិនី ចម្រៀង តន្ត្រី និងកុំព្យូទ័រជាដើម ហើយថា អំឡុងពេលរៀនវគ្គជំនាញទាំងអស់នេះ ជនមានពិការភាពស្នាក់នៅក្នុងសមាគម ដែលទាំងនេះជាបន្ទុកដ៏ធំមួយ ។
ម្យ៉ាងទៀត ឯកឧត្តម ចាប តូ បានឱ្យដឹងថា សមាគមតន្ត្រីសំនៀងជនពិការ មិនមានទទួលជំនួយពីបរទេសទេ ។ ចំពោះអគារ ជាអំណោយរបស់សម្ដេច យាយ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំណែកថ្លៃទឹក និងភ្លើង ទទួលបានជួយពីប្រមុខដឹកនាំរាជរដ្ឋាភិបាលម្ដងម្កាល ចំណែកម្ហូបអាហារ ពឹងលើជំនួយសប្បុរសជនជាសំខាន់ ៕