ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យជាតិមានជ័យ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធី បាឋកថា ស្តីពី គំនិតផ្តួចផ្តើមអរិយធម៌សកល៖ រួមគ្នាធ្វើសកម្មភាព ដើម្បីអនាគត ប្រជាជនកម្ពុជា-ចិន។
ថ្លែងទៅកាន់អង្គពិធី ដែលមាន មន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួម សរុបមាន ចំនួន២០០រូប ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ជាតិមានជ័យ បានគូសរំលេចថា ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរ ប្រជាជនកម្ពុជា និងប្រជាជនចិន គឺជាឱកាស ដែលអង្គពិធីទាំងមូល ជាពិសេសយុវជន ត្រូវរួមចំណែក ឱ្យកាន់តែសកម្មដើម្បីផ្សព្វផ្សាយកាន់តែទូលំទូលាយពីចំណងមិត្តភាពរវាងកម្ពុជានិងចិនដោយផ្តោតលើការសិក្សាស្រាវជ្រាវយល់ដឹងកាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមទាំង៤ ដែលជាគតិបណ្ឌិត របស់លោក Xi Jinping ប្រធានរដ្ឋចិន។
តាមរយៈបទបង្ហាញ និងសៀវភៅ ដែលទទួលបាន នាថ្ងៃនេះ ឯកឧត្តម ក៏បានសាទរ ចំពោះអង្គពិធីទាំងមូល ដែលបានយល់យ៉ាងច្បាស់ពីគំនិតផ្តួចផ្តើម អរិយធម៌សកល ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រ ទៅវិញទៅមក ក្នុងចំណោមអរិយធម៌ ពិភពលោក និងលើកកម្ពស់ ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ដែលក្នុងនោះ កម្ពុជានិងចិនគឺជាមិត្តដែកថែប និងកំពុងរួមគ្នា កសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រឆកោណ» ដែលបាននិងកំពុងផ្តល់ភាពកាន់តែប្រសើរឡើងនូវអនាគតកាន់តែបវរសម្រាប់ប្រជាជនកម្ពុជា។
លោក Lu Qizhi (លូ ឈីជឺ) អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ចាប់តាំងពីការចាប់ផ្តើម គំនិតផ្តួចផ្តើម អរិយធម៌សកល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតស្ថានភាពថ្មី សម្រាប់ការផ្លាស់ប្តូរអរិយធម៌ សមាហរណកម្មវប្បធម៌ និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ក្នុងចំណោមប្រទេស ជុំវិញពិភពលោក ហើយសម្រេច បានលទ្ធផលជាផ្លែផ្កា ។
ប្រទេសចិន និងកម្ពុជា គឺជាប្រទេស ដែលមានអរិយធម៌ដ៏ចំណាស់ ដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រុងរឿង អរិយធម៌ចិន និងអរិយធម៌ខ្មែរ បានលាយបញ្ចូលគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងរយៈពេលជិតពីរពាន់ឆ្នាំនៃការផ្លាស់ប្តូរ និងអន្តរកម្ម។
ការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ មិនត្រឹមតែជាបំណងប្រាថ្នា និងសេចក្តីប្រាថ្នារបស់ប្រជាជនចិន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការ និងអត្ថន័យពិតប្រាកដនៃការធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់ប្រទេសចិន និងកម្ពុជា។
ក្នុងនាមសិស្ស-និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការដែលបានចូលរួមក្នុងអង្គបាឋកថានេះ លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យមានជ័យ បានថ្លែងថា គំនិតផ្តួចផ្តើមអរិយធម៌សកលដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទសន្មតយកថ្ងៃទី១០ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌ បាននិងកំពុងក្លាយជាចលករដល់កិច្ចការពារ សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពដល់ពិភពលោក ហើយគំនិតផ្តួចផ្តើមអរិយធម៌សកលនេះបានរួមចំណែកជាមួយគំនិតផ្តួចផ្តើមនានាដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនក្នុងការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ៕