អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកិច្ចការនារីសហការបណ្តុះបណ្ដាលគ្រូបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យកិច្ចការនារី និងApp NoDrug ។
ខេត្តពោធិសាត់ ៖ ក្រសួងកិច្ចការនារី និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានបេីកវគ្គបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានការចូលរួមមកពីខេត្តគោលដៅចំនួន៩ រួមមាន៖ ខេត្តមណ្ឌលគិរី រតនៈគីរី ត្បូងឃ្មុំ កំពង់ចាម សៀមរាប តាកែវ កំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់សរុបចំនួន៥០នាក់ នៅខេត្តពោធិ៍សាត់។
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់បានថ្លែងស្វាគមន៍និងរាយការណ៍ជូនពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋានខេត្តពោធិ៍សាត់និងការងារផ្សេងៗទៀតដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខេត្តបឹងទន្លេសាបមួយនេះ។
ថ្លែងក្នុងនាម លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្នុងវគ្គបណ្តុះបណ្តាលនោះ លោកស្រី គង់ សំអូន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ពីភាពចាំបាច់ការចូលរួមរបស់ស្រ្តីក្នុងភាពជាម្តាយ ជីដូន បងស្រី ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្នុងសហគមន៍មូលដ្ឋានតាមរយះការផ្សព្វផ្សាយអប់រំដល់ក្រុមគោលដៅថ្នាក់ស្រុក ឃុំ ឱ្យចូលរួមការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាទាក់ទងនឹងយេនឌ័រ, ការរំលោភបំពានផ្លូវភេទ, ការជួញដូរមនុស្ស សុខភាពមាតានិងទារក។ ល។ ដែលឆ្លុះបញ្ចាំងពីគ្រួសារ គឺជាស្នូលនៃការទប់ស្កាត់ការប្រើប្រាស់បំពានគ្រឿងញៀនខុសច្បាប់ និងសូមជួយផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋហ៊ានរាយការណ៍តាមរយ:App NoDrug ងាយស្រួល រហ័ស ដោះស្រាយបានទាន់ពេលធ្វើឱ្យសហគមន៍យើងមានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើន ។
ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងវគ្គបណ្តុះបណ្តាលនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានពាំនាំការកោតសសេីរ គាំទ្រពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនចំពោះថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ខេត្តពោធិសាត់ និងសិក្ខាកាមទាំងអស់ដែលបានបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជា ០១បប របស់ាជរដ្ឋាភិបាល “សម្អាតចកពីបឹង”។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា ការចូលរួមរបស់ស្រ្តីគឺមានសារសំខាន់ចាំបាច់ មានឥទ្ធិពល មានភាពជិតស្និទ្ធនៅជាប់ជាមួយក្រុមគ្រួសារហេីយសម្លេង និងដំបូន្មានរបស់ស្រ្តីគឺស្រទន់អាចចាក់ចូលជ្រៅក្នុងក្រអៅបេះដូង “ការផ្ញេីសារអប់រំពីបញ្ហាគ្រឿងញៀនតាមរយ:ស្រ្តីនឹងមានប្រសិទ្ធភាពខ្ពស់ ។ ជាមួយនេះលោកក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងទូទៅ ច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន និងត្រូវជួយជំរុញការទាញយកកម្មវិធីApp NoDrug https://nodrugsnacd.com/download មកប្រេីប្រាស់ដេីម្បីរាយការណ៍និងទទួលបានការដោះស្រាយរាល់ករណីគ្រឿងញៀននៅមូលដ្ឋាន។
សូមបញ្ជាក់ថា:វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយ:ពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។