ឯកឧត្តម ចាយ បូរិន ៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិសេសការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋ ដែលក្រសួងធម្មការនិងសាសនាត្រូវអនុវត្ត

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី នីតិវិធីនៃការរៀបចំបញ្ជី

សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធ SARMIS (Online) នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤  ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិសេសការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋ ដែលក្រសួងធម្មការនិងសាសនាត្រូវអនុវត្ត ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា កន្លងមក ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅជួប ប្រទះបញ្ហាប្រឈមមុខមួយចំនួន រួមមាន៖ អ្នកដែលមានតួនាទីកាន់កាប់មួយចំនួនមិនទាន់បានយកចិត្តទុកដាក់គត់មត់នៅឡើយ ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅពុំទាន់បានត្រឹមត្រូវ ក៏ដូចជាការកត់ត្រាពុំទាន់គ្រប់ចំនួន និងមានភាពយឺតយាវ ។ ដូច្នេះ ការបណ្តុះបណ្តាលបន្ថែមលើ ប្រព័ន្ធ SARMIS និងជួយលើកកម្ពស់ប្រសិទ្ធភាពការងារ ការគ្រប់គ្រប់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងដោះស្រាយបាននូវ បញ្ហាប្រឈមមួយចំនួន ដែលយើងកំពុងជួបប្រទះសព្វថ្ងៃ ដើម្បីជួយ សម្រួលដល់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការបញ្ជូនបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានត្រឹមត្រូវ និងទាន់ពេលវេលា ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍បន្ថែមថា ក្រសួងធម្មការនិងសាសនា មានចក្ខុវិស័យ នឹងបន្តមហិច្ឆតា ពង្រឹងពង្រីក វិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ SARMIS (Online)  រហូតដល់មន្ទីររាជធានី ខេត្ត  ដែលនៅសេសសល់   ស្របពេលជាមួយគ្នានឹងការធ្វើបរិវត្តកម្មឌីជីថលថ្មីៗ បន្ថែមទៀត ដើម្បីឱ្យឆ្លើយតបទៅនឹងចរន្ត សកលនៃ សេដ្ឋ កិច្ច ឌីជីថល និង បដិវត្តន៍ ឧស្សាហកម្ម ៤.០ ដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងសម្រេចដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ។

ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលតែងដាស់តឿនយើងទាំងអស់គ្នាថា “កែទម្រង់រស់ មិនកែទម្រង់ស្លាប់” រួមជាមួយនឹងអភិក្រមចំនួន ៥ ចំណុច ក្នុងការអនុវត្តការកែទម្រង់ស៊ីជម្រៅ គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” ហើយប្រសាសន៍ដ៏ខ្ពង់ខ្ពស់ និងអភិក្រមទាំង៥នេះ នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕