ឯកឧត្តម ចាយ បូរិន ៖ ខេត្តជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ចំពោះការលំហូរចូលនៃសាសនាផ្សេងៗ ពីប្រទេសជិតខាងមកលើមូលដ្ឋានរបស់ខ្លួន

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែថា ខេត្តជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ចំពោះការលំហូរចូលនៃសាសនាផ្សេងៗពីប្រទេសជិតខាងមកលើមូលដ្ឋានរបស់ខ្លួន ឯកឧត្តម មានប្រសាសន៍ បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញបន្តចុះសំណេះសំណាលសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ   ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សង់ រីហា អភិបាលរង តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកឆឹម តឿ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នៅមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ ។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ថា ការជួបសំណេះសំណាលនាពេលនេះ គឺដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនា ស្តាប់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងដែលជាតម្រូវការរបស់មន្ទីរធម្មការនិងសាសនាខេត្ត និង ជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបានបន្តថា ខេត្តឧត្តរមានជ័យ គឺជាខេត្តមួយស្ថិតនៅភូមិភាគពាយ័ព្យហើយមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាប្រទេសមានប្រពៃណី វប្បធម៌ប្រហាក់ប្រហែលនិងកម្ពុជាយើង ដូចនេះយើងត្រូវយកចិត្តចំពោះការលំហូរចូលនៃសាសនាផ្សេងៗពីប្រទេសជិតខាងមកលើមូលដ្ឋានរបស់ខ្លួន ដោយយកចិត្តទុកដាក់លើមន្ត្រីខ្លួន ដាច់ខាតត្រូវមាន ចំណេះ ជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ សិក្សាឲ្យច្បាស់នូវសាសនាទាំងអស់ក្នុងខេត្ត ហើយអភិរក្សឱ្យបានល្អ នូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ខ្មែរយើងឱ្យបានខ្ជាប់ខ្ជួន ហើយមន្ទីរធម្មការនិងសាសនាខេត្តត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យ វត្ត អាជ្ញាធរមូលដ្ឋានរៀបចំទីអារាមឱ្យមានសណ្តាប់ធ្នាប់ល្អ ក្នុងឱកាសនៃការខិតជិតចូលមកដល់នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌដែលជាពិធីបុណ្យធំជាងគេសម្រាប់ពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺត្រូវរក្សាឱ្យបាន (វបីឬវត្តបី )គឺវត្តស្អាត វត្តស្វាង វត្តស្ងប់ ។

លោក ឆឹម តឿ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំនូមពរ របស់មន្ទីរធម្មការនិងសាសនាខេត្ត ដោយនៅក្នុងខេត្តមានការប្រតិបត្តិសាសនាធំៗចំនួន៥គឺ១-ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ-២គ្រិស្តសាសនា ៣-ឥស្លាមសាសនា ៤-បាហៃសាសនា ៥-ព្រះពុទ្ធសាសនាមហាយាន និងកង្វះមន្ត្រីក្របខ័ណ្ឌ និងគោរពស្នើរសុំឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យវត្តចំនួន២២ដែលមិនទាន់មានប្រកាសទទួលស្គាល់ពីក្រសួង ក្នុងនោះមានវត្តគណៈធម្មយុត្តិចំនួន៨វត្ត ។

បន្ទាប់ពីស្តាប់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងដែលជាតម្រូវការរបស់មន្ទីរធម្មការនិងសាសនាខេត្ត 

ឯកឧត្តមរដ្ឋមន្រ្តីបានទទួលយកទៅពិចារណាមុននិងធ្វើការដោះស្រាយឱ្យសមស្របទៅនិងកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលបន្តវេន។

នាឱកាសនេះ ឯកឧត្តមក៏បានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឥសាន្តចំនួន៤ខេត្តគឺ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនៈគិរី  ដែលរាជរដ្ឋាភិបាលបានរៀបចំជាមធ្យោបាយដឹកជញ្ជូនទាំងទៅនឹងមក និងផ្តល់ជូនអាហារ៣ពេលជូនបងប្អូនប្រជាពលរដ្ឋដែលទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២៤ ៕