ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយក ARDB ស្នើឱ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ ក្នុងស្រុកជួយប្រមូលទិញស្រូវពីកសិករបន្ថែមទៀត

(បន្ទាយមានជ័យ)៖ នៅក្នុងឱកាសចុះពិនិត្យមើលតាមរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។

ការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ស្របពេលដែលកសិករ នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ។
នៅថ្ងៃទី១៥ខែកញ្ញា ដដែលនេះ ឯកឧត្តមបណ្ឌិតបាន ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវចំនួន៤ ទីតាំង ទី១ រោងម៉ាស៊ីន ឆាយ គឹមទឹង, ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ ទី៣ រោងម៉ាស៊ីនកិនស្រូវកៅង៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងរោងម៉ាស៉ីន ភូគគី ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និង OM 54 51 ពីប្រជាកសិករនៅទូទាំងខេត្ដបន្ទាយមា នជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា ឥឡូវរោងម៉ាស៉ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាមចំពោះស្រូវ OM 54 51 និងតម្លៃប្រមាណ ១២០០រៀល ក្នុង១គីឡូក្រាម ចំពោះស្រូវស្រង៉ែ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានរម្លឹកដល់រោងម៉ាស៉ីនកិនស្រូវផងដែរដោយលើកឡើងថា បច្ចុប្បន្នកសិករបាន និងកំពុងត្រៀមខ្លួន ក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ ដូច្នេះរោងម៉ាស៉ីនក៏ ត្រូវត្រៀមខ្លួនសម្រាប់ការទិញស្រូវពីកសិករ។
រោងម៉ាស៊ីនកិនស្រូវដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ដែលមានសមត្ថភាពកិន និងកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសមិនចាញ់រោងម៉ាស៊ីនប្រទេសជិតខាងនោះទេ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវ និងការដាំដុះស្រូវពូជស្រង៉ែ ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បច្ចុប្បន្ននេះ ពូជស្រូវស្រង៉ែ គឺ កំពុងមានតម្រូវការទីផ្សារល្អ ដូចពូជសែនក្រអូប និងផ្ការំដួលផងដែរ។ ទីតាំងកំពុងដាំដុះស្រូវ ពូជស្រូវស្រង៉ែបានដាំដុះលើផ្ទៃដីចំនួន ២៤០ហិកតា ក្នុងចំណោមផ្ទៃដីសរុបរួមជាង ៥០០ ហិកតា។
ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្ត និងជំរុញឲ្យមានការផលិតស្រូវស្រង៉ែ ឲ្យបានច្រើន ដោយសារមានតម្លៃល្អដូចពូជសែនក្រអូប និងផ្ការំដួល ដូច្នេះត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ដូចជាការរៀបចំដី ប្រើប្រាស់ជី ជាដើមដែលនឹងជួយឲ្យកសិករអាចទទួលបានទិន្នផលខ្ពស់ផងដែរ៕