រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសមាគមអ្នកសារព័ត៌មាន ដែលបានរួមកំលាំងគ្នាក្នុងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពដល់អ្នកសារព័ត៌មានជិត ៧០០នាក់ តាមរយៈវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះ គ្រប់គ្រងព័ត៌មានបែបឌីជីថល”

ភ្នំពេញ: អ្នកសារព័ត៌មាន និងអ្នកពាក់ពន្ធ័ប្រមាណជិត ៧០០នាក់ ទទួលបានការបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែប ឌីជីថល” រយៈពេល២ថ្ងៃ ដោយបានយល់នូវដឹងពីមេរៀនទាក់ទងសណ្តាប់ធ្នាប់ព័ត៌មាន បែបឌីជីថល របៀបគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយបែបឌីជីថល របៀបសរសេរអត្ថបទព័ត៌មាន និងមាតិកា ស្វែងយល់ពីពាក្យគន្លឹះក្នុងវិស័យបរិស្ថាន ពីក្របខណ្ឌ័ច្បាប់លើវិស័យព័ត៌មាន និងតុលាការ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន លើកទឹកចិត្តដល់សមាគមសារព័ត៌មាន បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ដើម្បីអោយវិស័យសារព័ត៌មានកាន់តែមានគុណភាពខ្ពស់ តាមរយៈនេះអ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ។
ឯកឧត្តម រដ្ឋមន្ត្រី បានរំលឹកនិងសូមអោយអ្នកសារព័ត៌មានយកចិត្តទុកដាក់ក្នុងការសរសេរអត្ថបទព័ត៌មានជាអក្សរខ្មែរអោយបានត្រឹមត្រូវតាម អក្ខរាវិរុទ្ធ ព្រោះថាបើយើងសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវហើយ ធ្វើអោយប៉ះពាល់ដល់អក្សរសាស្ត្រជាតិ ហើយនៅពេលដែលយើងផ្សព្វផ្សាយចេញទៅដោយមិនពិនិត្យអក្ខរាវិរុទ្ធ
ត្រឹមត្រូវ ក្មេងៗ និងអ្នកផ្សេងទៀតបើកមើលអត្ថបទនោះ ដែលបានរក្សាទុកនៅក្នុងទិន្នន័យរបស់ Google នឹងធ្វើអោយមានការភណ្ឌច្រឡំជាក់ជាមិនខាន ។ ឯកឧត្តម បានរំលឹកពីប្រវត្តិសាស្ត្រទាក់ទងទៅអ្វីទៅជាសង្គ្រាមឆ័ត្រ? បើគ្មានសង្គ្រាមឆ័ត្រទេ ពេលនេះប្រហែលជាយើងគ្មាន ថ្ងៃស្គាល់អក្សរខ្លួនឯងឡើយ ។

នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែប ឌីជីថល” លោកបណ្ឌិត ម៉េង សុភណ្ឌ ប្រធានសមាគម សារព័ត៌មាន អេឡិកត្រូនិច MSJ បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលដែលសិក្ខាកាមទទួលបាននូវមេរៀន មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល ដែលជាការឆ្លើយតបយ៉ាងសំខាន់លើវិស័យព័ត៌មាន និងព័ត៌មានវិទ្យា លើការគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងបង្ហាញអោយឃើញពីទិដ្ឋភាពនៃការបញ្ចេញមតិ សិទ្ធិក្នុងការទទួលយកព័ត៌មាន ក្របខណ្ឌច្បាប់ និងការផ្សព្វផ្សាយព័ត៌មានលើបណ្តាញឌីជីថល ។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាង ឯកឧត្ត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហ្សាហុីរ៉ូដឌីន បាបារ ថាហុីម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអុីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា លោកជំទាវ អ៊ុលគូ កូកាអេហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួគីប្រចាំកម្ពុជា និងវត្តមាន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី ដែលជាអ្នកគាំទ្រឧបត្តម្ភសម្រាប់វគ្គបណ្តុះបណ្តាលនេះ ៕