ឯកឧត្តមបណ្ឌិត កៅ ថាច ជាជនជាតិខ្មែរដំបូងគេត្រូវបានតែងតាំងជាប្រធានស្ថាប័នអន្តរជាតិនៅអាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)
ឯកឧត្តមបណ្ឌិត កៅ ថាច ត្រូវបានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានប្រកាសតែងតាំងជាប្រធានដើម្បីដឹកនាំ ក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
បច្ចុប្បន្នឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្លាយជាកូនខ្មែរដំបូងគេផងដែរក្នុងការដឹកនាំសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុង តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលជាតំណែងមួយដ៏មានសារៈសំខាន់ និងប្រកបដោយការប្រកួតប្រជែងនាយុគសម័យ នៃបច្ចេកវិទ្យាដ៏ជឿនលឿន។
យោងតាមសេចក្តីសម្រេចរបស់ ADFIAPកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ គឺបានប្រកាសតែងតាំង ឯកឧត្តមបណ្ឌិត កៅ ថាច ជាឥស្សរជនថ្មី ក្នុងការដឹកនាំស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយនេះ ដែលត្រូវបានគេសង្ឃឹមជឿជាក់យ៉ាងមុតមាំក្នុងការលើកកម្ពស់ធនាគារអភិវឌ្ឍន៍ទូទាំងតំបន់និងការដោះស្រាយបញ្ហាប្រឈមនានាផងដែរ។
គួរបញ្ជាក់ថាឯកឧត្តមបណ្ឌិត កៅ ថាច បានកាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកម្ពុជា (ARDB) តាំងពីឆ្នាំ ២០១៤។ ក្រោមការដឹកនាំរបស់ឥស្សរជនរូប នេះ ARDB បានបោះជំហានយ៉ាងសំខាន់ក្នុងការជំរុញសេវាកម្មហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ ជនបទ របស់កម្ពុជាដែលគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
បន្ថែមពីលើតួនាទីបច្ចុប្បន្ន ARDB ឯកឧត្តមបណ្ឌិត កៅ ថាច ជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ។ ចាប់តាំងពីឆ្នាំ ២០០៣ ឯកឧត្តមក៏បានបម្រើការជាមជ្ឈត្តករការងារនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។
មុននឹងដឹកនាំ ARDBឯកឧត្តមបណ្ឌិត កៅ ថាច ក៏ធ្លាប់ជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងក៏ជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចការរបស់ឯកឧត្តមកន្លងមក រួមមានចូលរួមរៀបចំ និងការដឹកនាំអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០០៦-២០១៥ និងឆ្នាំ ២០១១-២០២០ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា។
ក្រោយការតែងតាំងនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថាវា នឹងអនុញ្ញាតិឱ្យរូប ឯកឧត្តមក្នុងការចូលរួមចំណែកបង្កើតនូវអ្វីដែលថ្មីក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅក្នុង តំបន់អាស៊ីនិងប៉ាស៊ីហ្វិក។
«នេះជាលើកទី១ ដែលយើងមានជនជាតិខ្មែរទី១ ដែលត្រូវបានតែងតាំងដឹកនាំសមាគមមួយនេះ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអស់រយៈពេលជាង២០ឆ្នាំមកហើយ» នេះបើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត កៅ ថាច ។
ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់បន្ថែមថា៖ «ខ្ញុំនឹងជួបពិភាក្សាជាមួយសមាជិកក្នុងការជំរុញហិរញ្ញវត្ថុបៃតងឬហិរញ្ញប្បទានប្រកបដោយនិរន្តភាពដែលនេះជាការចាប់អារម្មណ៍របស់ខ្ញុំ។ យើងសង្កេតឃើញហើយថា បច្ចុប្បន្ននេះការឡើងកំដៅ និងបញ្ហាប្រែប្រួលអាកាសធាតុបានកំពុងបង្ករជាក្តីកង្វល់ខ្លាំងណាស់ ដូច្នេះទាមទារឱ្យយើងផ្តោតលើការការពារបរិស្ថានឱ្យបានច្រើន»។
ADFIAP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល មានមុខងារផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ដែលមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ស្ថិតនៅក្រុងម៉ាកាទី រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ ជាមួយគ្នានេះដែរ ARDB បានចូលជាសមាជិក ADFIAP ចាប់តាំងពីឆ្នាំ ២០០៥។
ADFIAP លើកឡើងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ឯកឧត្តមបណ្ឌិតបានចូលរួមយ៉ាងសកម្មនៅក្នុងក្រុមការងារអាស៊ាននានា លើការអភិវឌ្ឍន៍ទីផ្សារមូលធន រួមទាំងគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ី (ABMI) វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) និងកិច្ចខិតខំប្រឹងប្រែងសេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ។
ប្រភពដដែលនេះបន្តថា «ការចូលរួមក្នុងតំបន់ទាំងនេះមិនត្រឹមតែពង្រីកទស្សនៈរបស់ឯកឧត្តមបណ្ឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យឯកឧត្តមគឺជាតួអង្គសំខាន់ក្នុងការរៀបចំគោលនយោបាយហិរញ្ញវត្ថុដែលជំរុញកិច្ចសហប្រតិបត្តិការ និងការរីកចម្រើនក្នុងតំបន់»។
ក្នុងនាមជាប្រធានថ្មីរបស់ ADFIAP ឯកឧត្តមបណ្ឌិត កៅ ថាច បាននាំយកបទពិសោធដ៏សម្បូរបែបក្នុងការកែទម្រង់វិស័យហិរញ្ញវត្ថុ ការអភិវឌ្ឍទីផ្សារមូលធន និងធនាគារជនបទ។ ការដឹកនាំរបស់ឯកឧត្តមបណ្ឌិតត្រូវបានគេរំពឹងថានឹងពង្រឹងបេសកកម្មរបស់ ADFIAP ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ប្រវត្តិការសិក្សា
ឯកឧត្តមបណ្ឌិត កៅ ថាច ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ១៩៩៨។ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្ត្រាលី ដោយបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ នៅក្នុងឆ្នាំ២០០២ ដែលផ្ដោតទៅលើជំនាញប្រព័ន្ធពាណិជ្ជកម្មច្បាប់អន្តរជាតិ ក្របខណ្ឌច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងការរៀបចំប្រព័ន្ធដោះស្រាយវិវាទ នៃសាកលវិទ្យាល័យ Bond University។
ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន២ថែមទៀត គឺសញ្ញាបត្របណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ EU Business School ប្រទេសស្វីស ក្នុងឆ្នាំ២០១៨ និងសញ្ញាបត្របណ្ឌិតគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ២០២១ “ដោយបានបញ្ចប់និក្ខេបបទ «តួនាទីរបស់និយ័តករមូលបត្រក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងទីផ្សារមូលបត្រកម្ពុជាប្រកបដោយប្រសិទ្ធភាព”៕