រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈគ្រប់គ្រងសារព័ត៌មាន ត្នោត អ៊ែប (TNAOT APP) បានបញ្ជាក់ពីកិច្ចសហការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឲ្យគេស្គាល់ពីការពិតនៅកម្ពុជាកាន់តែច្បាស់ សម្រាប់ការវិនិយោគរបស់ជនជាតិចិននៅកម្ពុជា ការទទួលភ្ញៀវទេសចរកាន់តែបើកទូលាយ ធ្វើអោយសេដ្ឋកិច្ចកាន់តែរីកលូតលាស់

ការរួមសហការគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មានមិនពិតធ្វើឡើងដើម្បីជំរុញការកសាងសហគមន៍ ជោគវាសនារួម មនុស្សជាតិ, ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់សារព័ត៌មានត្នោត អ៊ែប បង្កើនការសរសេរអត្ថបទ ការផលិតព័ត៌មានផ្សេងៗដែលនិយាយពីប្រទេសកម្ពុជា ជាភាសាចិន ភាសាអង់គ្លេស និងភាសាខ្មែរ ដើម្បីបង្កើនការផ្សព្វផ្សាយ ព្រោះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរកម្ពុជា ចិន បានខិតខំប្រឹងប្រែងរួមសហការគ្នាទាំងកំរិតក្រសួងស្ថាប័ន រហូតមកដល់កំរិតប្រជាជន និងប្រជាជន ដើម្បីអនុវត្តន៍សម្រេចឲ្យបានជោគជ័យនូវគោលការណ៍ដែលបានដាក់ចុះដោយថ្នាក់ដឹកនាំ គឺការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនអោយបានយល់ពីគ្នាកាន់តែច្បាស់ទៅវិញទៅមក។

កិច្ចសហការរវាងក្រសួងព័ត៌មាន និង សារព័ត៌មាន ត្នោត អ៊ែប បានធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារគណៈគ្រប់គ្រងនៃក្រុមហ៊ុន សារព័ត៌មាន ត្នោត អ៊ែប (TNAOT APP) ដឹកនាំដោយ លោកស្រី ហាន លី (Doris) អគ្គនាយិការសារព័ត៌មានត្នោតអ៊ែប នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ បានជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកម្ពុជា ចិន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីគ្រប់គ្រងសាធារណៈមតិប្រកបដោយ ប្រសិទ្ធភាព ។ ដូច្នេះការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺត្រូវតែមានសហការគ្នាល្អ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ នៅក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងនូវកិច្ចសហការល្អៗលើកិច្ចការងារផ្សព្វផ្សាយ ក្នុងនោះមានការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា“ សហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ជ្ឈឹមចិន នឹងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដោយបានបង្ហាញពីសមិទ្ធផលផ្លែផ្កា ដែលកើតចេញពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ»។ ជាមួយគ្នានេះក៏មានការរៀបចំដំណើរទស្សនៈកិច្ចអ្នកសារព័ត៌មានវ័យក្មេងពីប្រទេសចិន មកទស្សនៈកិច្ចសិក្សាស្វែងពីការវិវឌ្ឍរីកចម្រើនលើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី រំលឹកឡើងវិញពីការចូលរួមរបស់សារព័ត៌មាន ត្នោត អ៊ែប ក្នុងការរៀបចំកម្មវិធីវាយសីមិត្តភាព កម្ពុជា-ចិន (មិនមែនអាជីព) ក្រោមប្រធានបទ “People to People Exchange Amateur Badminton Champion 2024” បានធ្វើឡើងដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិលើវិស័កីឡានៃប្រទេសទាំងពីរ កម្ពុជា ចិន ។

លោកស្រី ហាន លី (Doris) អគ្គនាយិការសារព័ត៌មានត្នោតអ៊ែប បានពីការចូលរួមសហការអោយបានល្អជាមួយក្រសួងព័ត៌មាន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំព័តឳមានក្លែងក្លាយ ។

ឆ្លៀតក្នុងឱកាសនៃជំនួបពិភក្សាការងារនេះដែរ លោកស្រី ហាន លី បានគោរពស្នើសុំអនុសាសន៍ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីធ្វើការផលិតមាតិកាព័ត៌មានភាសាខ្មែរ-ចិន និងកម្មវិធីផ្សេងៗ អោយកាន់តែមានប្រសិទ្ធិភាពក្នុងការជម្រុញទំនាក់ទំនងរវាងប្រជាជនខ្មែរ និង ប្រជាជនចិនដែលកំពុងប្រកបរបបមុខរបបរ វិនិយោគនៅកម្ពុជា ក៏ដូចជាប្រជាជនចិនដែលរស់នៅក្នុងប្រទេសចិន អោយបានទទួលបានព័ត៌មានពិត ហើយអាចស្វែងយល់បច្ចុប្បន្នភាព វឌ្ឍនៈភាព និង សក្កានុពលនៃទេសចរណ៍របស់ប្រទេសកម្ពុជា និងឈានទៅដល់ការចូលមកវិនិយោគ នៅប្រទេសកម្ពុជាផ្ទាល់ ៕