សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានដាក់ចេញយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ថ្មី ក្រោយជោគជ័យ ក្នុងអាណត្តិចាស់
សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជំរុញការបណ្ដុះធនធាន យុវជន ឲ្យមានសក្ដានុពល ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡា យុវជនអាស៊ី ឆ្នាំ២០២៩ បន្ទាប់ពី ទទួលបានជោគជ័យ ក្នុងអាណត្តិចាស់ ទទួលបានមេដាយ ជាប្រវត្តិសាស្ដ្រក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ នេះជាការលើកឡើង របស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា។
លោក នូ ចំរើន អគ្គលេខាធិការ បានបញ្ចាក់ នៅក្នុងមហាសន្និបាតបញ្ចប់ អាណត្តិចាស់ទី៤ ២០២០/២០២៤ និងបន្តអាណត្តិថ្មីទី៥ ២០២៤/២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការចូលរួមពី ឯកឧត្តម គឹម សុខុន តំណាងឯកឧត្តម ប៉ាន សូរស័ក្ដិ ប្រធានសហព័ន្ធកីឡា ទោចក្រយានកម្ពុជា។
លោក អគ្គលេខាធិការ សហព័ន្ធ បានរំឮកពីសមិទ្ធផល ជាច្រើន ក្នុងអាណត្តិចាស់ ពិសេសការដណ្ដើមបាន មេដាយជាប្រវត្តិសាស្ដ្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលក្រុមកីឡាទោចក្រយានកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ១។ លើសពីនេះ សហព័ន្ធ ក៏បានផលិតនូវធនធានមន្ដ្រី បច្ចេកទេសកម្រិតអន្ដរជាតិជាច្រើន ដែលអាចធ្វើការជាមួយក្រុមការងារ មកពីសហព័ន្ធអាស៊ី និងពិភពលោក ព្រមទាំងមានធនធានគ្រូកម្រិតខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាទោចក្រយានកម្ពុជាទៀតផង។
សហព័ន្ធ នឹងបន្ដនូវការអភិវឌ្ឍ ទាំងធនធានមន្ដ្រី បច្ចេកទេស និងកីឡាករ ពិសេស ក្នុងអាណត្តិថ្មី សហព័ន្ធនឹងធ្វើការជ្រើសរើស និងរៀបចំនូវការបណ្ដុះបណ្ដាលយុវជនថ្នាលកម្រិតអាយុ ១២ ទៅ ១៣ឆ្នាំ ដោយសហព័ន្ធនឹងស្នើសុំការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដើម្បីពង្រឹងការប្រមូលផ្ដុំហ្វឹកហាត់ពួកគេ ក្នុងន័យសម្រួចសមត្ថភាពត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
លោក នូ ចំរើន បន្ថែមថា ជាមួយការបន្ថែមនូវយុទ្ធសាស្ដ្រថ្មី នៃការបណ្ដុះបណ្ដាលយុវជនបន្ដវេនក្នុងអាណត្តិថ្មីនេះដែរ សហព័ន្ធក៏មិនប្រលែងដៃ ក្នុងការពង្រឹងក្រុមធំ ដើម្បីត្រៀមការប្រកួតអន្ដរជាតិចំពោះមុខផងដែរ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ដែលសហព័ន្ធបានដាក់គោលដៅរក្សាឲ្យបាននូវមេដាយខ្លួនធ្លាប់ទទួលបានក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ឬលើសពីនេះ។ សហព័ន្ធគ្រោងនឹងធ្វើការប្រមូលផ្ដុំសម្រាប់អត្តពលិកក្រុមធំនៅទីតាំងចំនួន ២ គឺនៅខេត្តកំពត និងខេត្តពោធិ៍សាត់។
សូមបញ្ចាក់ថា សំរាប់ថ្នាក់ដឹកនាំ សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្នុងអាណត្តិទី៥ វិញ គឺមានឯកឧត្តម ប៉ាន សូរស័ក្ដិ ដែលទទួលបានការគាំទ្រ បន្ដធ្វើជាប្រធានសហព័ន្ធ ព្រមទាំង អនុប្រធាន ៣រូប គឺមានឯកឧត្តម គឹម សុខុន, ឯកឧត្តម វង្ស ខាន់ពៅ និងលោក ឡាយ សុខសៅគន្ធា។ លោក នូ ចំរើន បន្ដតំណែងជា អគ្គលេខាធិការ និងអគ្គលេខាធិការរង ២រូប ព្រមទាំងកញ្ញា សួង ចាន់តូរ៉ាទី ជាអគ្គហេរញ្ញឹក និងសមាជិកចំនួន ៥នាក់ផ្សេងទៀត៕