ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុងYagi នៅថៃ-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម សរុបលើស៥០០នាក់! ហើយធ្ងន់ធ្ងរជាងគេគឺពលរដ្ឋមីយ៉ាន់ម៉ាភៀសខ្លួនពីទឹកជំនន់ផង និងរត់គេចសង្រ្គាមផ្ទៃក្នុងផង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទឹកជំនន់និងបាក់ដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបង្កឡើងដោយព្យុះទីហ្វុង Yagi និងភ្លៀងធ្លាក់តាមរដូវកាលពីសប្តាហ៍មុន បានសម្លាប់មនុស្សយ៉ាងអស់២២៦នាក់ និងមនុស្ស៧៧នាក់កំពុងនៅបាត់ខ្លួននៅឡើយ។ តួលេខថ្មីនេះបានជំរុញឱ្យចំនួនមនុស្សស្លាប់សរុបនៅអាស៊ីអាគ្នេយ៍ដោយសារព្យុះទីហ្វុងនេះកើនលើសពី៥០០នាក់ហើយ។ ការគណនាចំនួនមនុស្សស្លាប់និងរបួសហាក់មានភាពយឺតយ៉ាវ ដោយសារផលលំបាកទំនាក់ទំនងជាមួយអាជ្ញាធរក្នុងតំបន់ដែលរងផលប៉ះពាល់មួយផ្នែកដែរ។ វីដេអូដែលបានថតនៅក្នុងរដ្ឋធានី Naypyitaw ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារនេះគឺបានបង្ហាញពីសភាពខូចខាតផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងសកម្មភាពមនុស្សតោងជាប់នឹងស្ពានដែលខូចខាត ខណៈដែលពួកគេព្យាយាមឆ្លងទន្លេដែលហើមប៉ោងដោយសារទឹកជំនន់។ ព្យុះទីហ្វុង Yagi មុននេះក៏បានបោកបក់មកលើប្រទេសវៀតណាម និងភាគខាងជើងប្រទេសថៃ និងប្រទេសឡាវ ដោយបានសម្លាប់មនុស្សជិត៣០០នាក់នៅវៀតណាម និង៤២នាក់នៅថៃ និង៤នាក់នៅឡាវ នេះបើយោងតាមមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌។ ពួកគេបាននិយាយបន្ថែមថាមនុស្ស ២១នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន និង២៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួនដែរ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានប៉ាន់ស្មានថាមនុស្សប្រហែលជា៦៣១.០០០នាក់អាចរងផលប៉ះពាល់ដោយសារទឹកជំនន់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ។ ចំណែកទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងទៀតថាជនភៀសខ្លួនចំនួន៣.៤លាននាក់ហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅដើមខែកញ្ញានេះ ដែលភាគច្រើនជម្លៀសខ្លួនដោយសារតែសង្គ្រាម និងភាពចលាចលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ បន្ទាប់ពីការធ្វើរដ្ឋប្រហារដណ្តើមអំណាចរបស់យោធាមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២១។ ខ្នងផ្ទះជាង១៦០.០០០ ខ្នងត្រូវខូចខាត និង ទីតាំងចំនួន៤៣៨កន្លែងក្លាយជាជំរុំជំនួយបណ្តោះអាសន្នសម្រាប់ជនរងគ្រោះដោយសារទឹកជំនន់ប្រមាណជា១៦ម៉ឺននាក់។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក៏បានប្រកាសថាមនុស្សជិត២៤០.០០០ នាក់ត្រូវផ្លាស់ប្តូរទីលំនៅរបស់ពួកគេ នេះបើការសំដីរបស់លោក Myanma Alinn ។ លោកបានបញ្ជាក់ថា ការិយាល័យ និងអគាររដ្ឋាភិបាលចំនួន១១៧ , សាលារៀនចំនួន១០៤០ , អគារសាសនា៣៨៦ និងផ្លូវ ស្ពាន ប៉មថាមពល និងប៉មទូរគមនាគមន៍ត្រូវខូចខាតស្ទើតែទាំងស្រុងដោយសារទឹកជំនន់នៅក្នុងទីប្រជុំជនចំនួន៥៦កន្លែង។ ទីភ្នាក់ងារកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា ស្បៀងអាហារ ទឹកបរិភោគ ថ្នាំពេទ្យ សម្លៀកបំពាក់ សម្ភារៈ ទីជម្រក គឺជាតម្រូវការបន្ទាន់សម្រាប់ជនរងគ្រោះដោយទឹកជំនន់នាពេលនេះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយត្រូវបានរារាំងដោយកាត់ផ្តាច់ផ្លូវ ស្ពានដែលខូចខាត និងការប៉ះទង្គិចគ្នាដោយអាវុធកំពុងបន្តដដែល៕ សម្រួលអត្ថបទ៖ សុផារិន្ទ