“គ្រប់ជនជាតិ គ្រប់សាសនាទាំងអស់ដែលមាននៅក្នុងទឹកដីកម្ពុជាបាននឹងកំពុងរស់នៅប្រកបដោយសុខសន្តិភាព និងភាពសប្បាយរីករាយជាមួយគ្នាទាំងអស់គ្នា”
“ គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងមានការរីកចម្រើនទៅបាន គឺដោយសារតែមានថ្ងៃជ័យជម្នះ ៧ មករា ដែលបានកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា “
ព្រះសង្ឃអាចបួសបាន អាចសិក្សារៀនសូត្រព្រះធម៍ ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនដោយសារតែកត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាសម្រេចបានដោយការអនុវត្តនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយបន្តមក សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននឹងកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុខសន្តិភាព និងការអភិវឌ្ឍខ្ពស់ ។
ដោយសារការរីកចម្រើន និងកត្តាសន្តិភាពល្អរឹងមាំនេះហើយ បានធ្វើអោយបងប្អូនប្រជាពលរដ្ឋខ្មែរជាពុទ្ធិបរិស័ទនៅទូទាំងប្រទេស បានប្រារព្ធរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅគ្រប់ទីវត្តអារាមប្រកបដោយទឹកមុខសប្បាយរីករាយ និងដោយសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ។
សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី១ ថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា អស់លោក លោកស្រីជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាវេនរបស់ក្រសួងព័ត៌មាន ។
ដោយសារតែកត្តាសុខសន្តិភាព យើងមានឱកាសធ្វើអ្វីៗបានទាំងអស់។ វិស័យព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀតដែលនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូល សុខសន្តិភាព ដែលជាផលកើតចេញពីការខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំនាវាកម្ពុជាពីគ្មានសាសនា មកមាន សាសនាយ៉ាងច្រើននៅកម្ពុជា ហើយរាជរដ្ឋាភិបាល នីតិកាល ទី៧ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបាននិង កំពុងបន្តនូវបេសកកម្មដ៏ជ្រះថ្លានេះ។ កម្ពុជានឹងបន្តប្រកាន់យកនូវ គុណតម្លៃ, គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏ដូចជាបន្តប្តេជ្ញាថែរក្សាសុខដុមនីយកម្ម សាសនា ដែលមានវត្តមាននៅកម្ពុជា ហើយប្រជាជនកម្ពុជា ទាំងអស់នឹងបន្តទទួលបាននូវសេរីភាពខាងសាសនាដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញ ៕