ឧបនាយករដ្ឋមន្ត្រីសាយ សំអាល់៖ បញ្ហារសើបខាងនយោបាយដីធ្លីធ្លាក់ចុះបន្ទាប់ពីការចុះបញ្ជីដីធ្លីជិតបញ្ចប់

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០២៤  នាសាលសន្និសីទ បូកគោ សាលាខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំ និងជាពលរដ្ឋខ្មែរ១រូប  ឯកឧត្តមពិតជាមានមោទនភាពចំពោះកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានដាក់ចេញគោលនយោបាយទទួលស្គាល់កម្មសិទ្ធិឯកជនក្នុងអំឡុងឆ្នាំ១៩៨៨ និង១៩៨៩ បន្ទាប់ពីប្រទេសឆ្លងផុតពីភ្លើងសង្គ្រាម ហើយបានផ្តល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រើប្រាស់ទៅតាមតម្រូវការចាំបាច់។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាឪពុកដែលបានផ្តល់ដីកេរ្តិ៍ឱ្យកូនៗ ដើម្បីកសាងនិងអភិវឌ្ឍន៍ជីវភាពគ្រួសារតទៅអនាគត។  

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា  បន្តមកដល់សម័យបច្ចុប្បន្ន កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានខិតខំជំរុញការងារចុះបញ្ជីដីធ្លី ពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ព្រោះការចេញបណ្ណកម្មសិទ្ធិ គឺស្មើនឹងទទួលស្គាល់ និងផ្តល់នូវសុវត្ថិភាពកាន់កាប់អចលនទ្រព្យតាមផ្លូវច្បាប់ និងបង្កើនតម្លៃដី។ មកដល់ពេលនេះ ការចុះវាស់វែងដីធ្លីបន្ថែមសរុបបានជាង ៧លានកន្លះក្បាលដីហើយ បើតាមការប៉ានស្មាន នៅសល់ប្រហែលជាជាង ១លានក្បាលដីទៀតប៉ុណ្ណោះ នឹងបញ្ចប់ការងារចុះបញ្ជីដីធ្លីទាំងស្រុងទូទាំងប្រទេស។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា បន្ទាប់ពីការងារចុះបញ្ជីដីធ្លីជិតបញ្ចប់ ភាពរសើបខាងនយោបាយដីធ្លីបានធ្លាក់ចុះគួរឱ្យកត់សំគាល់ ដែលបច្ចុប្បន្នបញ្ហាសេសសល់ពីមុន បូករួមទាំងបណ្តឹងប្រចាំថ្ងៃ(១០ករណី/ថ្ងៃ) ដែលក្រសួងទទួលបានសរុបរង្វង់ ១.៥០០ករណីក្នុងមួយឆ្នាំវាជាចំនួនមួយតិចតួច ហើយនឹងកាន់តែតិចទៅទៀតនៅឆ្នាំបន្តបន្ទាប់។  តាមរយៈការចុះបញ្ជីដីធ្លីនេះដែរ បញ្ហាពាក់ព័ន្ធនឹងគម្រោងបុរី រឿងដីបឹងទន្លេសាប និងរឿងដីអាជ្ញាធរអប្សរាជាមួយប្រពលរដ្ឋ ក៏ត្រូវបានដោះស្រាយបញ្ចប់ស្ទើររួចរាល់ ខណៈដែលសេវាផ្សេងៗទាក់ទង់នឹងដីធ្លីបានបង្កើតឱកាសការងារក្នុងវិស័យសំណង់ និងឧស្សាហកម្មចលនទ្រព្យជាដើម ដែលបានជំរុញដល់កំណើនសេដ្ឋកិច្ចពលរដ្ឋ និងប្រទេសជាតិ។ អនាគតដ៏ខ្លីខាងមុខ សេវាអចលនទ្រព្យដូចជាការលក់ផ្តាច់ ការធ្វើអំណោយផ្តាច់ និងការបង់ពន្ធជាដើម អាចធ្វើតាមប្រព័ន្ធ (App) នៅលើទូរស័ព្ទដៃ ហើយប្រជាពលរដ្ឋចាំមិនបាច់មកស្នើសុំសេវានៅច្រកចេញចូលតែមួយទៀតនោះទេ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពត ពិសេស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបាននិងកំពុងខិតខំដឹកនាំ បង្កើតនូវសមិទ្ធផលថ្មីៗជាច្រើន ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅ កម្ពុជាជាប្រទេសមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ និងរូបភាព+ មន្ទីរព័ត៌មានខេត្តកំពត