វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំកម្មវិធីលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ តាមរយៈម្ហូបអាហារកម្ពុជា
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានអញ្ជើញអធិបភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារ ក្រោមប្រធានបទ «លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈម្ហូបអាហារ» ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ និងអគ្គរដ្ឋទូត អគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា មកពី ៣៥ប្រទេស។
កម្មវិធីនេះបានប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២៤នេះ រួមមាន ការភ្លក់បង្អែម ការបង្ហាញពីការចម្អិនម្ហូប និងដំណើរទស្សនៈកិច្ចចម្ការម្រេច តំបន់សក្តានុពលទេសចរណ៍របស់ខេត្តកំពតផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានមានប្រសាសន៍ថា គំនិចផ្តួតផ្តើមកម្មវិធីនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការទូត និងការបង្ហាញពីវប្បធម៌អត្តសញ្ញាណម្ហូបអាហារកម្ពុជា ផ្សព្វផ្សាយផលិតផល និងភាពសម្បូរបែបរបស់ខេត្តកំពត ដល់អន្តរជាតិ។
នៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តម ចឺយ វិចិត្ត បានដឹកនាំអគ្គរដ្ឋទូត អគ្គរាជទូតបរទេស បន្តទៅមជ្ឈមណ្ឌលសិល្បៈម្ហូបអាហារចុងភៅណាក់ ដើម្បីភ្លក់បង្អែមរសជាតិខ្មែរ ទស្សនាការចម្អិនម្ហូប និងពិសារអាហារថ្ងៃត្រង់ម្ហូបរាជវាំង៕