ឯកឧត្តម ឈិន កេតនា ដឹកនាំក្រុមការងារជំនាញគ្រប់ផ្នែកពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងជាក់ស្ដែង ដើម្បីរៀបចំព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ
យោងតាមប្រសាសន៍របស់ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ លើកឡើងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ហើយព្រះរាជពិធីនិងប្រព្រឹត្តទៅយ៉ាងមហោឡារិក និងអធឹកអធមជាជាទីបំផុត ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ឈិន កេតនា អញ្ជើញដឹកនាំក្រុមការងារជំនាញគ្រប់ផ្នែកពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងជាក់ស្ដែង ហើយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ព្រមទាំងជំនាញពាក់ព័ន្ធជាច្រើនរូបទៀត នៅវិមានរដ្ឋធម្មនុញ្ញ នៃសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីរៀបចំទីតាំងប្រារព្ធព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ឲ្យទទួលបានលទ្ធផលជោគជ័យបំផុត។
ឯកឧត្តម ឈិន កេតនា បានជម្រាបជូនអំពីគំនូសប្លង់ នៃព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ នៅសួនច្បារខាងលិចវិមានឯករាជ្យ ព្រមទាំងកំណត់ចំណាំ នៅទីតាំងសំខាន់ៗចំនួន ៥ ដើម្បីថ្វាយព្រះរាជវន្ទនកិច្ច ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គនឹងស្ដេចយាងដល់ទីតាំងប្រារព្ធរាជពិធី ព្រមទាំងទីតាំងព្រះពន្លា ទីតាំងព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្តេចយាងកាត់ខ្សែបូរ ស្ថិតនៅខាងមុខវិមានរដ្ឋធម្មនុញ្ញ និងស្តេចយាងនិវត្តទៅកាន់ព្រះបរមរាជវាំងផងដែរ។
សូមជម្រាបជូនថា ទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំរបស់មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ។ បើគិតទៅដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានអាយុ៣១ឆ្នាំហើយ ជារដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលកម្ពុជាធ្លាប់បានអនុវត្ត។ ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល៣១ឆ្នាំកន្លងមកនេះ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៤) ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ប្រកបដោយភាពជោគជ័យត្រចះត្រចង់ ដែលញ៉ាំងឱ្យប្រជារាស្ត្របាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា បានបន្តដឹកនាំក្រុមការងារឆ្ពោះទៅពិនិត្យមើលទីតាំងព្រះបរមឆាយាល័ក្ខ ថ្មី ដែលរៀបចំនៅលើសួនខាងត្បូងនៃវិមានឯករាជ្យ។
សូមរំលឹកដែរថា «វិមានរដ្ឋធម្មនុញ្ញ» ត្រូវបានប្រើពេលវេលាសាងសង់ រយៈពេល ១៥ខែ ដែលបានរៀបចំប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ហើយវិមាននេះត្រូវបានជ្រើសរើស ឯកឧត្តម បណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើជាស្ថាបត្យករក្នុងការសាងសង់។